(កំពង់ស្ពឺ)៖ រយៈពេលពេញមួយថ្ងៃនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពី មេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ សរុប១០៨នាក់។
នៅក្នុងកិច្ចប្រជុំត្រួតពិនត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៨ សមាជិកនៅតាមមន្ទីរ ការិយាល័យ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការ ត្រូវបានអនុញ្ញាតឲ្យឡើងរាយការណ៍ ពីសកម្មភាពដែលធ្វើបានកន្លង និងសកម្មភាពដែលមិនអាចធ្វើបានមកពីមូលហេតុអ្វី។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ស្ថិតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កម្លាំងទាំងអស់ ត្រូវខិតខំពង្រឹងរាល់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារឲ្យបានស្ថិរភាពសង្គម ធ្វើយ៉ាងណាឲ្យការបោះឆ្នោត និងយុទ្ធនាការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្តិធម៌។
លោកមេបញ្ជាការបានបន្តថា មេបញ្ជាការរងទទួលបន្ទុក បន្តប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ដើម្បីហ្វឹកហ្វឺន ពង្រឹងបញ្ញា ស្មារតី យុទ្ធវិធីយោធា ត្រៀមលក្ខណៈជួយដល់ ប្រជាពលរដ្ឋ និងតំណាងគណបក្សនយោបាយ ដែលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០១៨នេះ។
ដោយឡែកទិសដៅការងារឆមាសទី២ លោកមេបញ្ជាការ បានដាក់ទិសដៅ ជាច្រើនចំណុចមានដូចជា៖ ខិតខំពង្រឹងការងារសន្តិសុខតាមមូលដ្ឋាន, ត្រូវបើកវគ្គបំប៉នជំនាញជាប្រចាំ, ផ្សព្វផ្សាយការងារអប់រំបញ្ហាគ្រឿងញៀនជូនប្រជាពលរដ្ឋ, ប្រឹងប្រែងស្រាវជ្រាវព័ត៌មានសន្តិសុខ, ពង្រឹងការអនុវត្តបទបញ្ជាបង្រ្កាបធនធានធម្មជាតិ, អនុវត្តន៍ឲ្យបានដាច់ខាតក្រុមបង្ករចលនា នាំសង្គមចលាចល, ត្រៀមគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបណ្តាលមកពីគ្រោះធម្មជាតិផ្សេងៗ, បន្តយកចិត្តទុកដាក់ ការហូបចុក ស្លៀកពាក់ ស្នាក់នៅរបស់កម្លាំងកងរាជអាវុធហត្ថ និងយកចិត្តទុកដាក់បន្ថែម ចំពោះក្រុមគ្រួសារយ៉ាងចាំបាច់ផងដែរ៕