(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្ដីធនាគារជាតិ ប្រជាពលរដ្ឋ ព្រមទាំងសិស្សនុសិស្ស ក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាំយកកូនឈើប្រមាណ២ពាន់ដើម ទៅដាំក្នុងបរិវេណវត្តសន្ទុកក្រៅ ដើម្បីចូលរួមបង្កើនគម្របបៃតង និងជាការអបអរសារ «រុក្ខទិវា»។
នាឱកាសនោះ លោកទេសាភិបាល បានអំពាវនាវឲ្យពលរដ្ឋ រួមទាំងសិស្សានុសិស្ស ចូលរួមថែរក្សា ការពារព្រៃឈើដែលកំពុងមាន និងបញ្ឈប់រាល់ការកាប់បំផ្លាញ និងបន្ដដាំដើមឈើឲ្យបានគ្រប់ទីកន្លែង ដើម្បីថែរក្សាបរិស្ថាន និងទាញយកឧស្ម័នអុកស៊ីសែន សម្រាប់ឲ្យការរស់នៅ របស់មនុស្សសត្វ និងការពារកុំឲ្យកើតមានគ្រោះធម្មជាតិផងដែរ។
លោក ជា ចាន់តូ បានឲ្យដឹងថា «ព្រៃឈើជាប្រភពដង្ហើម រស់នៅលើភពផែនដី សម្រាប់ជីវិតមនុស្ស និងសត្វលោកទូទៅ ហើយប្រសិនបើថ្ងៃណាមួយព្រៃឈើត្រូវបាត់បង់ ច្បាស់ណាស់វានឹងធ្វើឱ្យមានការកើនឡើងនូវ ការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ធ្វើឱ្យមានការប្រែប្រួល ដូចជាការឡើងកម្ដៅ, គ្រោះទឹកជំនន់, គ្រោះរាំងស្ងួត, ការផុតពូជសត្វ, រុក្ខជាតិ និងការថយចុះនៃទិន្នផលកសិកម្មផងដែរ»។
លោកទេសាភិបាលបន្តទៀតថា ទិវា «រុក្ខទិវា»នេះត្រូវបានបង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ចាត់តាំងពីឆ្នាំ២០០២មកម្លេះ ដោយត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ក្រោមព្រះរាជបូជនីយកិច្ច ព្រះមហាក្សត្រនៃម្ពុជា។ លោក ជា ចាន់តូ បញ្ជាក់ទៀតថា ទិវា «រុក្ខទិវា» ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងបានផ្ដល់អត្ថប្រយោជន៍ និងតម្លៃធំធេងណាស់ នៅក្នុងការបំផុសស្មារតីពលរដ្ឋ ឲ្យមានការចូលរួមក្នុងការដាំដើមឈើ និងបញ្ឈប់នូវរាល់ការកាប់បំផ្លាញព្រៃឈើផងដែរ។
សូមបញ្ជាក់ថា កន្លងមកនេះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមការដឹកនាំដោយថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា តែងតែប្រារព្ធពិធី «រុក្ខទិវា» នេះឡើងជារៀងរាល់ឆ្នាំ ព្រមទាំងបានដាំកូនឈើ ជាច្រើនកន្លែងក្នុងភូមិត្រពាំងត្រុំឃុំទីពោធិ៍ លើផ្ទៃដីប្រមាណជិត៦ហិកតា និងដាំតាមកន្លែងមួយចំនួនទៀត ដូចជាសាលារៀន វត្តអារាម និងដងផ្លូវសាធារណៈជាដើម៕