(តាកែវ)៖ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិ សមាជិកា បន្តចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋជាង៤ពាន់នាក់ នៅក្នុងឃុំចំនួន៣ ក្នុងនោះមានឃុំពន្លៃ ឃុំបាស្រែ និងឃុំអង្គរបុរី ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។

ក្នុងឱកាសចុះជួបសំណេះសំណាលនេះ មានការអមដំណើរដោយលោកបណ្ឌិត ស៊ូ ភិរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារសេនាធិការ នៃក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត ព្រមទាំងលោក សុខុម ភគវន្តមុនី អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកអង្គរបុរី ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក-ឃុំ ជាច្រើនរូបទៀតផងដែរ។

ស្រុកអង្គរបុរី គឺជាស្រុកមួយក្នុងចំណោមស្រុក/ក្រុងទាំង១០ របស់ខេត្តតាកែវ ដែលមានឃុំចំនួន៦ ភូមិចំនួន៣៤ ការិយាល័យបោះឆ្នោតចំនួន៧៣ មានប្រជាពលរដ្ឋសរុបចំនួន៥៣,៤៧៣នាក់ ក្នុងនោះអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន៣០,៧៥៤នាក់ មានចំណាកស្រុកក្នុងប្រទេសចំនួន៣,៤០២ និងចំណាកស្រុកក្រៅប្រទេស ចំនួន៤១៦នាក់។

ក៏ដូចជាតាមបណ្ដាឃុំ ស្រុកផ្សេងៗដែរ ក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលនោះ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នៅមជ្ឈមណ្ឌលតាំងពិព័ណកោះពេជ្រ។

ជាមួយគ្នានោះដែរ ក្រុមការងារក៏បានពន្យល់ណែនាំ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកា និងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីត្រងត្រាប់ស្ដាប់ប្រសាសន៍ដ៏មានខ្លឹមសារទាក់ទងនឹង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ របស់លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រជាពលរដ្ឋទាំងអស់ បានបង្ហាញនូវការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ហើយប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំតទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រដូចខាងក្រោម៖
ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជម្រុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន បង្ហាញមូលហេតុចម្បងចំនួន៦ចំណុច ដែលនាំឱ្យពលរដ្ឋខ្មែរ គាំទ្រគណបក្សប្រជាជនកម្ពុជា ច្រើនលើសលុប។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ នៅក្នុងទំព័រ Facebook នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ រួមមាន៖

ទី១៖ ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ
ទី២៖ ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ
ទី៣៖ ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស
ទី៤៖ ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ
ទី៥៖ ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់
ទី៦៖ ជាគណបក្សតែ១គត់ដែល សម្បូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ឋភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង។

ជាមួយការបង្ហាញមូលហេតុចម្បងទាំង៦នេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាំវនាវប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕