(ប៉ៃលិន)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ លោកស្រី បាន ស្រីមុំ បេក្ខជនតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានបន្តឃោសនារកសំឡេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា និងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិក្រោយៗបន្តទៀត ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងជំរុញប្រាក់បៀវត្ស ដល់មន្រ្តីរាជការ កើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនី នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ។ ដូច្នេះដើម្បីបន្តរក្សាបាននូវភាពរីកចម្រើន របស់ជាតិកម្ពុជា ទៅមុខបន្តទៀត ជាពិសេសរក្សាបាននូវសុខសន្តិភាពនោះ លោកស្រីបេក្ខេជនតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក៏បានអំពាវដល់ប្រជាពលរដ្ឋបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញា មានលេខរៀងទី២០។
លោកស្រី បាន ស្រីមុំ បានលើកឡើងថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ច បម្រើជាតិ និងប្រជាជនរយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
និងទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕