(បាត់ដំបង)៖ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ នាំចេញកសិផលពោត ទៅប្រទេសថៃថ្ងៃទី១១ខែកក្ដដានេះ បានស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង មេតា្តជួយចរចាជាមួយភាគីថៃ ខេត្តស្រះកែវ ធ្វើយ៉ាងណាអាចឲ្យកសិផលពោតទាំងមូល របស់កសិករខ្មែរយើង អាចនាំចូលតាមមាត់ច្រកភ្នំដី (ខ្មែរ) និងច្រកខាវឌីន (ថៃ) បានដោយពុំចាំបាច់ប្រឡេះយកតែគ្រាប់នោះឡើយ។
ប្រជាពលរដ្ឋ និងអាជីវករបានលើកឡើងថា ការអនុញ្ញាតឲ្យពោត របស់កសិករខ្មែរ នាំចេញដោយប្រឡេះយកតែគ្រាប់ គឺធ្វើឲ្យកសិផលប្រជាជនយើង ប្រើប្រាស់មិនអស់ពីលទ្ធភាព ដែលសក្តានុពល ដោយអ្នកបញ្ជាទិញពីយើង គឺគេយកទាំងអស់ ដោយពុំចាំបាច់ប្រឡេះយកគ្រាប់ចេញនោះទេ ហើយពោតយើងក៏អាច លក់បានតំលៃថ្លៃផងដែរ បើបូករួមទាំងស្នូលពោតផងនោះ។
អាជីវករនាំចេញបានបញ្ជាក់ថា ការស្នើសុំនេះ គឺគ្រាន់តែសុំឲ្យអនុវត្តន៍ដូចមាត់ច្រកអូអន្លក់ ខេត្តបាត់ដំបង ចំណែកខាងភាគីថៃ គឺមាត់ច្រកសួនសុំ ខេត្តច័ន្ទបុរី ប្រទេសថៃ ដែលច្រកនេះ បានអនុញ្ញាតឲ្យពោតខ្មែរយើង បានចូលទៅទាំងគ្រាប់ និងស្នូលតែម្តង។
យ៉ាងណាបងប្អូនប្រជាពលរដ្ឋ បានបង្ហាញនូវមានក្តីសង្ឃឹងថា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងថ្នាក់ខេត្តបាត់ដំបង នឹងខិតខំជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនាំចេញ ដើម្បីលើកកំពស់ តំលៃសកា្តនុពល កសិផលយើង បានប្រើប្រាស់អស់ពីលទ្ធភាព និងតម្លៃឲ្យបានដល់កម្រិតអតិប្បរិមា៕