(កំពង់ចាម)៖ លោក ម៉ា ឈឿន តំណាងរាស្ដ្រខេត្ដកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានថ្លែងអំពាវដល់សមាជិក សមាជិការបក្ស និងប្រជាពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីរួមគ្នារក្សាសុខសន្ដិភាព និងអភិវឌ្ឍប្រទេស ដោយកុំជឿពាក្យញុះញុងរបស់ជនអគតិមួយចំនួន ដែលកំពុងឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលនេះជាទង្វើផ្ទុយនឹងច្បាប់ទាំងស្រុង ។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ នៅឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ ។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងទៀថា «សូមបងប្អូនប្រជាពលរដ្ឋ រួមគ្នាជួយរក្សានូវសុខសន្ដិភាព ដែលកម្ពុជាយើងកំពុងតែមានដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏រឹងមាំ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយជាប្រវត្ដិសាស្ដ្រ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរំដោះប្រទេសជាតិឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ ដោយគ្មានវត្ដមានអង្គការណា មកជួយនោះទេ»។
លោកបណ្ឌិតបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេល២០ឆ្នាំហើយ ដែលប្រទេសកម្ពុជា មានសន្ដិភាពពេញលេញ ប្រែក្លាយកម្ពុជាពីវាលពិឃាត មកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍសេដ្ឋកិច្ច លើគ្រប់វិស័យ រោងចក្រសហគ្រាស, សាលារៀន, មន្ទីរពេទ្យ, សំណង់ធារាសាស្ដ្រ, វត្ដអារ៉ាម, បណ្ដុះបណ្ដាលធនធានមនុស្ស ដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ តាមភូមិ-ឃុំ -ល-។
ជាក់ស្ដែង នៅស្រុកជើងព្រៃ គណបក្សប្រជាជន បានផ្តល់ឱកាសការងារដល់យុវជន និងកូនក្មួយកម្មករទាំងអស់ រហូតដល់ទៅ៧រោងចក្រ ក្នុងនោះមានកម្មករ២០,៣៩០នាក់ ទទួលបានចំណូល១ខែ ជាង៤លានដុល្លារ សម្រាប់ប្រជាជន នៅស្រុកជើងព្រៃ។ ក្រុមហ៊ុនទិញស្រូវ «អេមរុរាយស៍» បានចុះកុងត្រា ទិញស្រូវចំនួន ៧,៥០០តោន ក្នុង១ឆ្នាំ ដោយក្នុងតម្លៃខ្ពស់ សម្រាប់ស្រុកចំនួន៣ នៅខេត្តកំពង់ចាម រួមមាន៖ ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ ។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាមរូបនេះ ក៏បានប្ដេជ្ញាបន្ដជួយស្វែងរកឱកាសការងារ ជាមួយនឹងការនាំមកនូវរោងចក្រឲ្យកាន់តែច្រើន ក្នុងនោះនៅឆ្នាំក្រោយនេះ កម្មករត្រូវការជាង១ម៉ឺននាក់ សម្រាប់ស្រុកជើងព្រៃ ថែមទៀត និងទិញកសិផលស្រូវ ពីបងប្អូនកសិករ ក្នុងតម្លៃសមរម្យ, ដោះស្រាយការលំបាក របស់ពុកម៉ែបងប្អូន នៅស្រុកជើងព្រៃ ជារៀងរាល់ថ្ងៃផងដែរ ៕