Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អូស្មាន ហាស្សាន់ ជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរឥស្លាម សកម្មជន CPP ជិត៤ពាន់នាក់ នៅស្រុកត្បូងឃ្មុំ និងពញាក្រែក

11-07-2018 14:10

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ យុទ្ធនាការសំណេះសំណាល ឃោសនារកសម្លេងឆ្នោតជូន គណបក្សប្រជាជនកម្ពុជា របស់គណៈចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជា បានបន្តមកដល់ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ដែលដឹកនាំដោយលោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម ចុះជួបសកម្មជន និងអ្នកគាំទ្រ គណបក្សប្រជាជនយុវជន លោកគ្រូ-អ្នកគ្រូ ជាង៣,៩០០នាក់ នៅឃុំចំនួន៣ គឺឃុំពពេល ស្រុកក្រូចឆ្មារ និងឃុំគរ ព្រមទាំងឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ។

លោក អូស្មាន ហាសាន់ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសូមកុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា និងសូមអំពាវនាវឲ្យពលរដ្ឋអញ្ជើញ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី និង នៅជម្លប់កក់ក្តៅដល់យើងទាំងអស់គ្នា តទៅមុខជាបន្តបន្ទាប់។

លោក អូស្មាន ហាស្សាន់ បានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសាងគុណបំណាច់គ្រប់បែបយ៉ាង តាមរយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាងអភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ កសាងការពារសន្តិភាព ជូនប្រជាជាតិ៕