(ភ្នំពេញ)៖ ប្រធានសហជីពតាមបណ្តារោងចក្រចំនួន១១២នាក់ បើកកិច្ចប្រជុំដើម្បីដាក់ញ្ញតិ្តរួមគ្នា ជូនសហភាពអឺរ៉ុប ក្នុងគោលបំណងកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា។ នេះបើតាមលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ ។
យោងតាមសេចក្តីអំពាវនាវរបស់ប្រធានសហជីព ១១២នាក់ដែលបានធ្វើរួមគ្នា បានបញ្ជាក់ថា «យើងខ្ញុំសូមធ្វើការអំពាវនាវ យ៉ាងទទូចដល់សហភាពអឺរ៉ុបមេត្តាផ្តល់ ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះដល់កម្ពុជា ដើម្បីយើងខ្ញុំ និងក្រុមគ្រួសារបន្តមានការងារ មានចំណូលទ្រទ្រង់ជីវិត និងបន្តការកែលម្អ ដល់លក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពសហជីពនៅកម្ពុជា»។
មូលហេតុនៃការអំពាវនាវនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ប្រធានសហជីពនៅកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះព័ត៌មានដែលសហភាពអឺរ៉ុប កំពុងពិចារណាលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលការអនុគ្រោះពន្ធនេះ កំពុងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ ការពន្ធដកនេះ នឹងជះឥទ្ធពលយ៉ាងអវិជ្ជមាន ដល់ជីវភាពរស់នៅរបស់កម្មករផ្ទាល់ជិត៨០ម៉ឺននាក់ និងប្រជាជនកម្ពុជាដទៃទៀតរាប់លាននាក់ ដែលសុទ្ធសឹងជាប្រជាពលរដ្ឋសាមញ្ញ។
សហជីពកម្ពុជា បានចាត់ទុកថា EBA របស់សហភាពអឺរ៉ុប បានផ្តល់ការងារ និងប្រាក់ចំណូលផ្ទល់ដល់កម្មករនិយោជិត និងក្រុមគ្រួសារពួកគេ។ ការបញ្ជាទិញយ៉ាងច្រើន ពីសហភាពអឺរ៉ុប និងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា ក៏បានជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បរមា ជាបន្តបន្ទាប់ដល់កម្មករនិយោជិត ហើយលក្ខខណ្ឌការងារ និងសេរីភាពសហជីព ក៏មានការកែសម្រួលច្រើន ប្រសិនជាធៀបនឹងការចាប់ផ្តើមដំបូង នៃរោងចក្រកាត់ដេរនៅកម្ពុជា។
បើតាមលោក សោម អូន ញតិ្តរបស់សហជីព នឹងយកទៅដាក់ជូនប្រតិភូសហភាពអឺរ៉ុប នៅរសៀលនេះ វេលាម៉ោង២៖០០នាទី។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ ប្រធានសហជីពធំៗ ចំនួន៥រួមមាន៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពកម្ពុជាពន្លឺកម្មករ សហភាពជាតិកម្ពុជាការពារកម្មករ សហភាពសហជីពជាតិឯករាជ្យកម្ពុជា និងសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា ក៏បានធ្វើញ្ញត្តិរួមគ្នា ដើម្បីស្នើសុំដល់សហភាពអឺរ៉ុប កុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាផងដែរ៕