(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសពីគម្រោងកម្ចីសម្រាប់សិស្ស-និស្សិត ក្នុងវិស័យទេសចរណ៍ ក្នុងការចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បង្កើនប្រាក់ចំណូល និងការបង្កើតឱកាសការងារដោយផ្ទាល់ និងដោយប្រយោល យ៉ាងច្រើនដល់ប្រជាជន និងដោយវិស័យទេសចរណ៍ជាវិស័យ ជាមួយលក្ខខណ្ឌ ដែលមានលក្ខណៈងាយស្រួល។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីធានានូវការផ្តល់សេវាមួយ ប្រកបដោយគុណភាព ក្រោមកិច្ចសហការ ដ៏ល្អរវាងក្រសួងទេសចរណ៍ និងផ្នែកឯកជន ពិសេសសាលាបណ្តះបណ្តាល វិជ្ជាជីវៈទេសចរណ៍ សមាគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មានគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុជាច្រើន បានរៀបចំរួចរាល់ជាស្រេច នៅក្នុងការផ្តល់កម្ចីសិក្សាសម្រាប់សិស្ស និស្សិត ក្នុងវិស័យទេសចរណ៍ ជាមួយ លក្ខខណ្ឌ ដែលមានលក្ខណៈងាយស្រួល ដល់អ្នកស្នើសុំកម្ចី (អាចខ្ចីបានរហូតដល់៦-៧ឆ្នាំ) ជាមួយនឹងអាត្រាការប្រាក់ទាប ដោយមិនតម្រូវឲ្យមានទ្រព្យបញ្ចាំ ហើយការទូទាត់សងមានច្រើនជម្រើស ដែលរួមមាន៖
ទី១៖ នៅក្នុងអំឡុងពេលសិក្សា អ្នកខ្ចីអាចបង់សងតែការប្រាក់ ប្រមាណ៤ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ទំហំទឹកប្រាក់កម្ចីចំនួន ៥០០ដុល្លារអាមេរិក។
ទី២៖ នៅក្នុងអំឡុងពេលសិក្សា អ្នកខ្ចីអាចបង់ទឹកប្រាក់ដើម និងការប្រាក់ប្រមាណ ៤៦ដុល្លារអាមេរិកក្នុងមួយខែ ក្នុងរយៈពេលមួយឆ្នាំ សម្រាប់ទំហំទឹកប្រាក់កម្ចីចំនួន ៥០០ដុល្លារអាមេរិក។
ទី៣៖ បន្ទាប់ពីបញ្ចប់ការសិក្សា ពេលរកការងារធ្វើបានហើយ ទើបអ្នកខ្ចីបង់សងក៏បាន ទាំងប្រាក់ដើម និងការប្រាក់ប្រមាណ ៤៦ដុល្លារអាមេរិក ក្នុងមួយខែ ក្នុងរយៈពេលមួយឆ្នាំ សម្រាប់ទំហំទឹកប្រាក់ កម្ចីចំនួន ៥០០ដុល្លារអាមេរិក។
ក្រសួងបានបញ្ជាក់ទៀតថា សូមយុវជន សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន អ្នកជំនាញទេសចរណ៍ និងសាធារណជនទាំងអស់ អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានផ្តល់កម្ចីសិក្សា ក្នុងវិស័យទេសចរណ៍ទាំងអស់នោះរួមមាន៖
១៖ ធនាគារអេស៊ីលីដា ភីអេលស៊ី
២៖ ធនាគារកាណាឌីយ៉ា ក.អ
៣៖ ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអេលស៊ី
៤៖ ហត្ថាកសិករ លីមីតធីត
៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត
៦៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសេ អឹម ការ CMK
ក្រសួងទេសចរណ៍ ក៏សូមជម្រាបជូនផងដែរ បើយោងតាមព័ត៌មាន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែល ផ្តល់កម្ចីសម្រាប់សិស្ស និស្សិតក្នុងវិស័យទេសចរណ៍ នេះក៏មានការរៀបចំ គោលនយោបាយផ្តល់កម្ចីសិក្សា សម្រាប់មុខជំនាញផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ថា ក្នុងឱកាសសន្និសីទអន្តរជាតិ លើកទី២ ស្តីពី «ការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខារ៉េស៊ីដង់ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានសំដែងនូវអបអរសាទរ ចំពោះការចូលរួមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនទាំងអស់ ក្នុងការរៀបចំឲ្យមានគម្រោងកម្ចី សម្រាប់សិស្ស និស្សិតនេះ៕