(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជ័យលាភីចំនួន១៣០០នាក់ ដែលសុទ្ធសឹងជាអ្នកំពុងកបម្រើសេវាកម្មតុការ អាហារដ្ឋាន និងភោជនីយដ្ឋាននានា ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា។
ពិធីប្រគល់វិញ្ញាបនបត្រនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍
តំណាងលោករដ្ឋមន្រ្ភី ថោង ខុន នៅវិទ្យស្ថានជាតិអប់រំ និងមានការចូលរួមពីលោកបណ្ឌិត ឡី សុភាព នាយកវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា។
លោក ប៉ាក់ សុខុម បានលើកឡើងពីកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានស្នូលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដូចនេះយុវជនកម្ពុជាត្រូវខិតខំថែរក្សាឲ្យបានស្ថិតស្ថេរ និងជ្រោមជ្រែងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ភាគីឯកជន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែគាំទ្រ សហការ និងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយបានអនុវត្តនូវបទដ្ឋានគតិយុត្ត យន្តការ និងឯកសារទ្រទ្រង់នានា ដែលក្រសួងទេសចរណ៍បានដាក់ចុះ ជាពិសេសបានគិតគូរដល់ការពង្រឹង និងទទួលស្គាល់ជំនាញរបស់អ្នកកំពុងបម្រើការងារសេវាកម្មតុការ អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ តាមរយៈការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពជាក់ស្តែង ដែលសកម្មភាពនេះឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រដែលបានដាក់ចុះ រួមមាន៖
• ឆ្នាំ២០២០ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន៥០%។
• ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន១០០% ដោយចូលរួមជម្រុញផ្សព្វផ្សាយយុទ្ធនាការ បុគ្គលិកម្នាក់ ជំនាញមួយ។
• ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជា នឹងចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ ៤ និង ៨។
លោករដ្ឋលេខាធិកាបានបន្តថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិ ដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង១២.៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង ២០២៥ ជិត១.២លាននាក់ និងឆ្នាំ២០៣០ បានចំនួន២លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។