(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាចូលរួមដោះស្រាយនូវរាល់បញ្ហាទាំងឡាយ ដែលជាឧបសគ្គ ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដែលកើតចេញពីកំណើនលឿនពេក នៃចំនួនប្រជាជន។
លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានថ្លែងអំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព «ទិវាប្រជាជនពិភពលោក ១១ កក្កដា លើកទី២៩» ក្រោមប្រធានបទ ផែនការគ្រួសារ គឺជាសិទ្ធិមនុស្ស ដែលមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ក្មួយៗនិសិ្សត តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការសង្គមស៊ីវិល ចូលរួមយ៉ាងច្រើនកុះករ នៅសាលប្រជុំ CJCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកទេសរដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាចូលរួមដោះស្រាយនូវរាល់បញ្ហាទាំងឡាយ ដែលជាឧបសគ្គ ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលកើតចេញពីកំណើនលឿនពេក នៃចំនួនប្រជាជន»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន ក៏បានរំឭកអំពីប្រវត្តិ នៃការប្រារព្ធទិវាប្រជាជនពិភពលោកថា ក្រុមប្រឹក្សាភិបាល នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានបង្កើតនិងប្រារព្ធទិវាប្រជាជន ពិភពលោកលើកដំបូងនៅឆ្នាំ១៩៨៩ ក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រជាជននៅក្នុងពិភពលោក។ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១១ ខែកក្កដា ជាថ្ងៃដែលប្រជាជនពិភពលោកកើនគម្រប់ចំនួន ៥ពាន់លាននាក់នៅឆ្នាំ១៩៨៧ ដើម្បីប្រារព្ធទិវាប្រជាជនពិភពលោកនេះ ជារៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ បានប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីរំឭក និងជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញាវន្ត សិស្ស និសិ្សត និងអ្នកមាន ចំណែកពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូបឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុប្រជាជននិងការអភិវឌ្ឍជាពិសេសកិច្ចខិតខំប្រឹងប្រែង ស្វែងរកដំណោះស្រាយ នៃបញ្ហាទាក់ទងនឹងកំណើនប្រជាជន ដែលកំពុងជះឥទ្ធិពលដល់ការអភិវឌ្ឍ។ សូមរំឭកថា ជារៀងរាល់ឆ្នាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញនូវសារលិខិតអបអរសាទរ និងជូនពរដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនាឱកាស នៃការប្រារព្ធ ទិវាប្រជាជនពិភពលោក ១១ កក្កដានេះ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយប្រជាជនលើកដំបូងនៅឆ្នាំ២០០៣ ដើម្បីធានាឱ្យមានការធ្វើផែនការអភិវឌ្ឍន៍ មានលក្ខណៈគ្របដណ្តប់គ្រប់ជ្រុងជ្រោយ និងដើម្បីដោះស្រាយផលប៉ះពាល់ នៃបម្រែបម្រួលប្រជាសាស្ត្រ តាមរយៈការដាក់បញ្ចូលនូវឌីណាមិក ប្រជាសាស្ត្រទៅក្នុងដំណើរការ នៃការធ្វើផែនការអភិវឌ្ឍន៍ដោយគិតគូរ ដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជននិងការអភិវឌ្ឍ។ គោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០ បន្តឈរលើគោលការណ៍ ដែលមានចែងនៅក្នុងគោលនយោបាយប្រជាជនឆ្នាំ២០០៣ «ដោយទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូននិងការពន្យារកំណើត ហើយឱ្យមានលទ្ធភាពទទួល បាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ»។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេងគួរកត់សម្គាល់ ដូចដែលបានរំលេចនៅក្នុងសារលិខិត របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ប៉ុន្តែសមិទ្ធផលទាំងអស់នេះ នៅមិនទាន់ឈានដល់កម្រិត ដែលយើងចង់បាននៅឡើយនោះទេ។ ក្នុងន័យនេះ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីកែលម្អបន្ថែមទៀតនូវគុណភាពសេវា សាធារណៈ ជាពិសេស សេវាសុខាភិបាល និងសេវាអប់រំ សំដៅសម្រេចឱ្យបាននូវអាទិភាព ទាំងឡាយដែលបានលើកឡើងនៅក្នុងយុទ្ធសាស្រ្តចតុកោណ, ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ, ផែនការអភិវឌ្ឍន៍តាមវិស័យ, ផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ គោល នយោបាយជាតិប្រជាជន និងគោលនយោបាយជាតិផ្សេងៗ៕