(ភ្នំពេញ)៖ លោក ហួត គឹមម៉េង អគ្គនាយកក្រុមហ៊ុន TAN CHONE MOTOR CAMBODIA (TCMC) បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលក់រថយន្ដម៉ាក NISSAN ក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សំម្គាល់ ព្រោះថា បច្ចេកទេសចុងក្រោយនៃរថយន្ដម៉ាក NISSAN នេះមានការទទួលស្គាល់ច្រើន ពីសំណាក់អតិថិជនកម្ពុជា។
ការលើកឡើងបែបនេះ របស់លោកអគ្គនាយក ហួត គឹមម៉េង ធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញរថយន្ដសាខាទី២ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។
លោក ហួត គឹមម៉េង បានថ្លែងថា បន្ទាប់ពីក្រុមហ៊ុន TCMC ក្លាយជាតំណាងចែកចាយផ្ដាច់មុខ នៃរថយន្ដម៉ាក NISSAN នេះនៅក្នុងប្រទេសកម្ពុជា ឃើញថា មានការទទួលការគាំទ្រច្រើនពីសំណាក់អតិថិជន។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានមជ្ឈមណ្ឌល NISSAN 3S នេះចំនួន២ហើយដោយមាននៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ។
លោកបានបន្ដទៀតថា ក្រុមហ៊ុនគ្រោងនឹងពង្រីក សាខាជាច្រើនបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដើម្បីបំពេញបន្ថែមនូវតម្រូវការខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា។
លោក ហួត គឹមម៉េង បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ក្រុមហ៊ុន TCMC បាននាំមកនូវរថយន្ដម៉ាក NISSAN បច្ចេកទេសចុងក្រោយ ត្រូវជាមួយនឹងទីផ្សារកម្ពុជាមកយ៉ាងច្រើន បច្ចុប្បន្ននេះកំនើននៃការលក់ រថយន្ដម៉ាកនេះកើនឡើងយ៉ាងខ្ពស់ ព្រមទាំងទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជន ពោលគឺលើសការរំពឹងទុក នារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។
សូមបញ្ជាក់ថា ក្នុងថ្ងៃសម្ពោធអាគារតាំងបង្ហាញរថយន្ដថ្មីនេះ ក្រុមហ៊ុន TCMC ក៏បាននាំយកនូវរថយន្ដម៉ាក NISSAN URVAN ស៊េរីថ្មីជំនាន់ទី៥ ដែលល្បីល្បាញថា ជាអ្នកដឹកជញ្ជូនមានកំលាំងខ្លាំងក្លា មានផាសុខភាពសម្រាប់អ្នកដំណើរ មានម៉ាស៊ីនត្រជាក់គ្រប់កៅអីទាំងមុខ និងក្រោយ ដើម្បីធានាថា អ្នកដំណើរទាំងអស់ មានផាសុខភាពទោះទាំងកណ្ដាលថ្ងៃ ឬកណ្ដាលយប់ ជាមួយនិងកៅអីពូកដ៏ទន់ស្រួលថែមទៀតផង៕