(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានការរិះគន់ ទៅលើអ្នកប្រើប្រាស់រថយន្តរដ្ឋ ដើម្បីបម្រើការឃោសនាឱ្យគណបក្សនោះ រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្តឹង ពីភាគីណាមួយនៅឡើយទេ។ លោកបញ្ជាក់ថាប្រសិនបើមានពាក្យបណ្តឹងអំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទី១ គ.ជ.ប មិនអត់ទាន់មានទទួលពាក្យបណ្តឹង ទី២ខ្ញុំចង់ជម្រាបពីទិដ្ឋភាពផ្លូវច្បាប់នៅក្នុងប្រការ១០ នៃនីតិវិធីនៃការបោះឆ្នោត ចែងថាជនណាក៏ដោយក៏មានសិទ្ធិប្តឹងដែរ ប្រសិនបើមានបណ្តឹង គ.ជ.ប នឹងចាត់ការ ហើយ គ.ជ.ប អត់មានតួនាទី ដូចព្រះរាជអាជ្ញាទេ មានន័យថា ទោះបីអត់មានអ្នកប្តឹង ក៏គាត់អាចប្តឹងបានដែរ។ ប៉ុន្តែ គ.ជ.ប អត់ធ្វើការងារនេះទេ»។
លោក ហង្ស ពុទ្ធា បានបន្តថា ការរិះគន់លើអ្នកប្រើប្រាស់រថយន្តរដ្ឋ សម្រាប់បម្រើការឃោសនាបោះឆ្នោតនោះ វាគ្មានន័យទេ ប្រសិនជាគ្មានពាក្យបណ្ដឹងដល់ដៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយ គ.ជ.ប រង់ចាំតែអនុវត្តច្បាប់លើអ្នកប្រព្រឹត្តខុសប៉ុណ្ណោះ។ ក្នុងន័យនេះលោក ហង្ស ពុទ្ធា ចង់បញ្ជាក់ថា ការសម្រេចដាក់ពិន័យរបស់គ.ជ.ប ទៅលើអ្នកប្រព្រឹត្តផ្ទុយពីបម្រាមច្បាប់បាន លុះត្រាតែមានការដាក់ពាក្យប្ដឹងមកគ.ជ.ប។
ជាមួយគ្នានេះ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា បើមានអ្នកដាក់ពាក្យប្ដឹង គ.ជ.បនឹងចាត់ការលើករណីនេះ តាមមាត្រាច្បាប់១៥៨ ស្តីពីច្បាប់បោះឆ្នោត ដោយហៅមកដាក់ពិន័យជាលាយលក្ខណ៍អក្សរ ហើយបើនៅតែប្រព្រឹត្តខុសដដែល គ.ជ.បនឹងផាកពិន័យជាទឹកប្រាក់ពី៥លានរៀល ទៅ១០លានរៀល។
ទទ្ទឹមនេះលោក ហង្ស ពុទ្ធា ក៏អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ ណែនាំទៅមន្ត្រី សមាជិក និងអ្នកគាំទ្រគណបក្ស អនុវត្តតាមច្បាប់ និងបម្រាមរបស់គ.ជ.ប ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយល្អ តាមគោលការណ៍សេរី និងយុត្តិធម៌៕