(ភ្នំពេញ)៖ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិត៦០០នាក់បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៅគុកទួលស្លែង និងបឹងជើងឯងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជនបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពជាជាពិពេសគឺប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងដំណើរការជំនុំជម្រះក្តីប្រឆាំងនឹង អតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលបានឡើងដឹកនាំប្រទេសនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនិងជាមន្ត្រីនាំពាក្យនសាលាក្តីខ្មែរក្រហមបានថ្លែងថា «យុវជនទាំងអស់ត្រូវតែសិក្សាស្វែងយល់អំពី ប្រវត្តិសាស្ត្ររបស់ខ្លួនជាពិសេសរឿងរ៉ាវទាក់ទងនឹងរបបខ្មែរក្រហមព្រោះប្រវត្តិសាស្ត្រ គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិផង ដែរ»។ លោកបានថ្លែងថា កាន់តែមានសារៈសំខាន់ថែមទៀតពេលដែលយុវជនបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏សោកសៅរបស់ប្រទេសកម្ពុជា កាលពីអតីតកាល និងចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យវិលត្រឡប់ និងកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។ លោក នេត្រ ភក្ត្រា បានបន្តថា ទោះបីជាង ៦០% នៃប្រជាជនកម្ពុជាកើតមិនទាន់របបខ្មែរក្រហម ប៉ុន្តែយុវជនទាំងនោះ គឺជាសាក្សីរស់នៃដំណើរការនាំយកអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមកជំនុំជម្រះក្តី ដើម្បីស្វែងរកយុត្តិធម៌ និងការពិត ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហមក៏ដូចមនុស្សជាតិទាំងមូល។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាម់ថា៖ «យុវជនត្រូវសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវដែលកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការប្រព្រឹត្តកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញដូចពីអតីតកាល»។ លោកបន្តថា ការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក៏ជាផ្នែកមួយដែលជួយឱ្យយុវជនបានយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមពីលើរឿងរ៉ាវដែលឪពុកម្តាយ និងជីដូនជីតារបស់ខ្លួនដែលហែលឆ្លងកាត់និយាយប្រាប់ និងអាចផ្ទេរការចងចាំនេះទៅមនុស្សរាប់ជំនាន់ទៅមុខទៀត។
លោក នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់ជនរងគ្រោះនៃរបបខ្មែរក្រហមជួយនិយាយបន្ត និងផ្សព្វផ្សាយពីរឿងរ៉ាវដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហម ជូនដល់ក្មេងៗជំនាន់ក្រោយដើម្បីការចងចាំ ទោះបីជាការរំលឹករឿងរ៉ាវនេះធ្វើ ឱ្យពលរដ្ឋមួយចំនួនមានការឈឺចាប់ ពេលរំលឹកពីការឈឺចុកចាប់ រងទុក្ខវេទនារបស់ខ្លួន ព្រោះដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នូវសោកនាដកម្មដូចរបបខ្មែរក្រហមនេះមកលើទឹកដីកម្ពុជាជាថ្មីទៀត។ ប្រជាពលរដ្ឋម្នាក់មកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចែករំលែកបទពិសោធនៃការចាប់បង្ខំឱ្យរៀបការដោយខ្មែរក្រហមក្នុងចំណោមពលរដ្ឋចំនួន ៥០គូ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហមគឺជាដំណើរនៃការផ្សះផ្សាជាតិ និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ការយល់ដឹងរបស់យុវជនលើរឿងរ៉ាវសោកនាដកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមជាការចាំបាច់បំផុត។ លោក នេត្រ ភក្ត្រា បានបន្ថែមថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម គឺក្នុងគោលបំណងដើម្បីស្វែងរកអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្ម និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងចូលរួមស្វែងរកការពិតជូនមនុស្សជាតិទាំងមូលថាតើមានអ្វីកើតឡើងពិតប្រាកដក្នុងរបបនេះ បានជាធ្វើឱ្យមនុស្សយ៉ាងហោចណាស់ចន្លោះពី ១,៧ លាន ទៅ ២,២ លាននាក់ស្លាប់បាត់បង់ជីវិត។
រហូតមកទលើពេលនេះ តុលាការបានសម្រេចផ្តន្ទាទោសឌុច អតីតប្រធានគុកទួលស្លែងដាក់ពន្ធនាគារអស់មួយជីវិតក្រោយរកឃើញថា មានពិរុទ្ធភាពក្នុងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមលើតួនាទីនៃការទទួលខុសត្រូវរបស់ គាត់នៅមន្ទីរសន្តិសុខ ស-២១ ដែលនៅទីនោះជនរងគ្រោះជាង ១៥០០០នាក់បាន ស្លាប់បាត់បង់ជីវិត។ ចំណែក នួន ជា និងខៀវ សំផន ក៏ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាក់ទងនឹងអង្គហេតុការជម្លៀសប្រជាជនដោយបង្ខំដំណាក់កាលទី១ និងទី២។ នួន ជា និងខៀវ សំផន ក៏កំពុងរង់ចាំការប្រកាសសាលក្រមលើ សំណុំរឿង ០០២/០២ ប្រឆាំងនឹងគាត់ក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជន ជាតិវៀតណាម៕