(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំង២ កម្ពុជា-ចិន បានដាក់សម្ពោធសប្តាហ៍ភាពយន្តចិន និងដំណើរភាពយន្តចល័តខ្មែរចិន ដ៏ឆ្នើមលើកទី៣ ក្នុងប្រទេសកម្ពុជា រយៈពេល៥ថ្ងៃ ការដាក់បញ្ចាំងខ្សែភាពយន្ដនេះ ធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំង២។
ពិធីសម្ពោធ សប្ដាហ៍ភាពយន្តចិន និងដំណើរភាពយន្តចល័តខ្មែរ-ចិន ដ៏ឆ្នើមលើកទី៣នេះ ធ្វើឡើងនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីសំណាក់លោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ស្យុង ប៉រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងក្រសួងអប់រំយុវជននិងកីឡា និងតំណាងស្ថាប័នផ្សេងៗទៀត ព្រមទាំងភ្ញៀវកិត្តិយសប្រមាណជាង១ពាន់នាក់។
លោក ស្យុង ប៉រ បានឲ្យដឹងថា ខ្សែភាពយន្តជាស្ពាន ក្នុងការពង្រឹង ស្វែងយល់ពីគ្នាទៅវិញទៅមក រវាងប្រជាជន និងប្រជាជន ព្រមទាំងជួយជំរុញការផ្លាស់ប្ដូរ ទំនាក់ទំនងផ្នែកវប្បធម៌រវាងគ្នាទៅវិញទៅមក។ សូមបញ្ជាក់ថា ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមនេះ បានប្រារព្ធធ្វើឡើងចំនួន២លើក រួចមកហើយ ដោយក្រុមបញ្ចាំងភាពយន្ត នៃប្រទេសទាំងពីរ បានធ្វើដំណើរទៅកាន់តំបន់ទីជនបទ ដាច់ស្រយាល សហគមន៍ សាលារៀន ទីបញ្ជាការដ្ឋានកងទ័ព និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ដែលមានចំនួន១៤ខេត្តក្រុងនៅកម្ពុជា នឹងបានចាក់បញ្ចាំងភាពយន្តចិនជិត១០រឿង និងភាពយន្តខ្មែរជាច្រើនរឿង ជូនប្រជាជនកម្ពុជាទស្សនា។
លោកស្រី កត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងថា តាមរយៈសប្ដាហ៍ភាពយន្តចិននេះ នឹងធ្វើឱ្យប្រជាជនកម្ពុជា យល់កាន់តែច្បាស់ ពីវប្បធម៌ចិន និងមិត្តភាពកម្ពុជាចិន កន្លងមកកម្ពុជា-ចិនធ្លាប់បានប្រារព្ធ ព្រឹត្តិការណ៍នេះចំនួន២លើករួចមកហើយ ព្រមទាំងទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋខ្មែរ។
លោកស្រីបន្ដទៀតថា ក្នុងអត្ថន័យដ៏ជ្រាលជ្រៅ នៃចំណងមិត្តភាពយ៉ាងស្អិតរមួតនេះ សរបញ្ជាក់ថា ប្រទេសទាំង២ជាមិត្តល្អ ជឿកជាក់ទុកចិត្តគ្នា គាំទ្រជឿជាក់គ្នា ជាបងប្អូនរួមសុខរួមទុក្ខជាមួយគ្នា និងជាដៃគូរសហការដ៏ប្រសើរឈរលើ គោលការណ៍ឈ្នះៗទាំងអស់គ្នា ដែលគ្រប់គ្នាតែងតែចាត់ទុកថា ជាគំរូនៃចំណងសហការ មេត្រីភាពរវាងប្រទេស និងប្រទេស។
លោកស្រីបញ្ជាក់ទៀតថា «ក្នុងថ្ងៃនេះខ្ញុំ រួមទាំងប្រជាជនខ្មែរ សូមចូលរួមអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំង២ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ និងសូមកោតសសើរ ដោយស្មោះចំពោះស្ថានទូត នៃសាធារណៈរដ្ឋនៃ ប្រជាមានិតចិន ប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំកម្មវិធីនេះឡើង»។
សូមបញ្ជាក់ថា សប្ដាហ៍ភាពយន្តចិន និងដំណើរភាពយន្តចល័តខ្មែរ-ចិនលើកទី៣នេះ មានការសហការចូលរួម ពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងរៀបចំផ្ទាល់ដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនភាពយន្តចិនគ្រុប ហើយកម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងដើម្បីជំរុញ និងពង្រឹងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរបស់ប្រទេសទាំងពីរ ឱ្យបានស៊ីជម្រៅថែមមួយកម្រិតទៀ៕