(ក្រចេះ)៖ យុទ្ធនាការ១១០កន្លែង ដើម្បីជួបសំណេះសំណាលនិងឃោសនារកសំឡេងឆ្នោតជូន គណបក្សប្រជាជនកម្ពុជា របស់គណៈចលនាសាសនិកឥស្លាមកម្ពុជា តាមសហគមន៍ខ្មែរឥស្លាម បានកំពុងតែទាក់ទាញប្រជាប្រិយភាព នូវសំឡេងគាំទ្រពីសហគមន៍ខ្មែរឥស្លាម ដល់គណបក្សប្រជាជនកម្ពុជា កាន់តែមានសន្ទុះខ្លាំងក្លាឡើងថែមទៀត ឆ្លើយតបនឹងគោលនយោបាយទាំង១១ចំណុច ដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញសម្រាប់អនុវត្តបន្ត នៅនីតិកាលទី៦ ឆ្នាំ២០១៨-២០២៣នេះ។
ជាក់ស្តែងក្នុងជំនួបសំណេះសំណាលជាមួយ សកម្មជន យុវជន និងតំណាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលតំណាងពីទូទាំងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានចូលរួមជាង៨០០នាក់ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការដឹកនាំសំណេះសំណាលដោយ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា។
ឆ្លើយតបជាមួយគោលនយោបាយទាំង១១ចំណុច ដែលបានអានផ្សព្វផ្សាយ ដោយលោកប្រធានគណៈចលនាសាសនា បានធ្វើឲ្យសហគមន៍ខ្មែរឥស្លាម អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅឃុំព្រែកសាម៉ាន់ បានប្តេជ្ញាត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី។
ក្រោយពីបញ្ចប់ពិធីសំណេះសំណាល លោក អូស្មាន ហាស្សាន់ បានបន្តដឹកនាំសហការី ឆ្ពោះទៅកាន់ភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីជួបសំណេះសំណាល ជាមួយសកម្មជន និងតំណាងអ្នកគាំទ្រគណបល្សប្រជាជនកម្ពុជា ឃុំសេដា ស្រុកតំបែរ៕