(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍន៍ ។
លោកថ្លែងបែបនេះ ក្នុងពិធីជួបជុំសមាជិក សមាជិកាបក្ស ប្រគុំតន្ដ្រី នៅមជ្ឈមណ្ឌល វិមានសុភមង្គល ស្ថិតក្នុងសង្កាត់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ ។
លោក ពេជ្រ កែវមុនី បានថ្លែងទៀតថា សមាជិកបក្ស និងប្រជាពលរដ្ឋយើងទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា រក្សាឲ្យបាននូវ សន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសគឺមិនត្រូវស្តាប់ ឬជឿពាក្យញុះញុងរបស់ ជនអគតិមួយចំនួន ដែលកំពុងឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះការឃោសនាបែបនេះជាទង្វើផ្ទុយនឹងច្បាប់។
ទន្ទឹមនឹងនោះ ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ក៏បានពន្យល់ពីកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសសកម្មភាព របស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ ជូនចំពោះប្រជាជនដោយផ្ទាល់ ដើម្បីរកយុទ្ធសាស្ដ្រ ក្នុងការរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែប្រសើរ ពិសេសបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការស្វែងរកដៃគូវិនិយោគិនពីក្រៅស្រុក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឲ្យសម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ប្រកបដោយចីរភាព ពិសេសបន្ដជំរុញដំឡើងប្រាក់ឈ្មួល និងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករ និងនិយោជិក ៕