(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចពន្យារពេលឈប់ទទួលពាក្យជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាផ្នែកបច្ចេកវិទ្យាព័ត៌មានរហូតដល់ម៉ោង ១៧៖៣០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា ការសម្រេចពន្យារនេះ ដើម្បីឲ្យការផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិកនេះកាន់តែទូលំទូលាយដល់សាធារណជន និងនិស្សិតបន្ថែមទៀត។ ជាពិសេសដើម្បីឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំដាក់ពាក្យចូលបម្រើការងារ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ដោយកំណត់ឈប់ទទួលពាក្យត្រឹមវេលាម៉ោង ១៥៖៣០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ប៉ុណ្ណោះ។ ប៉ុន្តែដោយពិនិត្យឃើញការផ្សព្វផ្សាយនេះអាចនឹងមិនទាន់ទូលំទូលាយ ហើយមិនទាន់ជ្រាបដល់សាធារណរជន និងនិស្សិតជាដើមនោះ ទើបសម្រេចពន្យារកាលបរិច្ឆេទនៃការឈប់ទទួលពាក្យរហូតដល់ម៉ោង ១៥៖៣០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨វិញ។
សូមបញ្ជាក់ថា បុគ្គលិកជំនាញជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ដែលត្រូវជ្រើសរើសនេះមានចំនួន ២០រូប ដើម្បីយកទៅបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យានៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕