(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ២០១៨ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ក្រុងប៉ៃលិន។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះធ្វើឡើង គឺដើម្បីផ្សព្វផ្សាយឱ្យមានការយល់ដឹង ទូលំទូលាយពីផលប៉ះពាល់ នៃការគ្រោះថ្នាក់ពីគ្រឿងញៀន។ ម្យ៉ាងទៀតដើម្បីរំលឹកបំផុស ឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានការបង្ក និងកាទប់ស្កាត់រាល់បញ្ហាដែលពាក់ព័ន្ធ និងគ្រឿងញៀន ព្រមទាំងចូលរួមចំណែកការអនុវត្តនយោបាយភូមិ-ឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត បានបន្តថា អ្នកប្រព្រឹត្ត និងប្រើប្រាស់គ្រឿងញៀន គឺបានធ្វើអោយប៉ះពាល់ អន្តរាយដល់សុខភាព ខូចខាតទ្រព្យសម្បត្តិ ងាយឆ្លងមេរោគអេដស៌ និងកើតមានអំពើហិង្សាផ្សេងៗ នៅក្នុងសង្គមគ្រួសារ ជាក់ស្តែងគ្រួសារអ្នកប្រើប្រាស់គ្រឿងញៀនផ្ទាល់តែម្តង ហើយសកម្មភាពការចរាចរ ចែកចាយគ្រឿងញៀននៅខេត្តប៉ៃលិន នៅតែ កើតមានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលឈានទៅដល់ការបាត់បង់ធនធានមនុស្ស ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។ ជាងនេះទៅទៀត កាប្រើប្រាស់គ្រឿងញៀន បានបន្សល់ទុកនូវក្តីកង្វល់ ដល់សហគមន៍ គ្រួសារ អាណាព្យាបាល ដែលមានកូន ចៅរងគ្រោះដោយសារគ្រឿងញៀនដែលទាមទាអោយមានចំណាត់ការហ្មត់ចត់ សមស្រប និងច្បាស់លាស់ របស់ស្ថាប័ននិងសមត្ថកិច្ច។

ជាចុងក្រោយលោក ផាន់ ចាន់ធុល បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយចាត់វិធានការទប់ស្កាត់ និងរួមគ្នាបញ្ចៀសគ្រឿងញៀនឱ្យផុតពីសហគមន៍យើង ហើយវិធានការនោះ គឺការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ ដឹងជាសាធារណៈអំពីស្ថានភាពគ្រោះថ្នាក់ នៃគ្រឿងញៀន។

បើតាមរបាយការណ៍របស់លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៨នេះ សមត្ថកិច្ចបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រៀងញៀនបានចំនួន២៣លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន៤៩នាក់ ស្រី៩នាក់ ក្នុងនោះ ករណីការជួញដូររក្សាទុកគ្រឿងញៀន ខុសច្បាប់ ចំនួន៩លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ ស្រី០៤នាក់ ករណីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន១៣លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន៣៧នាក់ ស្រី០១នាក់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទ ម៉្សៅទឹកកក បានចំនួន២៦កញ្ចប់ ស្មើនឹង៣២,៨ក្រាម ថ្លឹងទាំងសំបកថង និងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ចំនួន ១៦គ្រាប់ ស្មើនឹង១,៤៩ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទដៃចំនួន ៣គ្រឿង សម្ភារសម្រាប់ជក់ និងថង់សម្រាប់វេចខ្ចប់មួយចំនួនផងដែរ៕