(ភ្នំពេញ)៖ អ្នកនាំពាក្យ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះថា ករណីកម្មករដួលសន្លប់ជាបន្តបន្ទាប់ នៅរោងចក្រប៉ុន តឹស ហ្វូតវែ ខេត្តតាកែវ គឺកើតឡើងដោយសារពួកគេភ័យតក់ស្លត់ បន្ទាប់ពីមានសម្រែករបស់កម្មករម្នាក់ ដែលរងគ្រោះដោយការភ្ញាក់វៃឡេវត្រូវម្រាមដៃបែកចុងដៃ។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពី មន្រ្តីជំនាញរបស់ ប.ស.ស សហការជាមួយអាជ្ញាធរ បានចុះពិនិត្យ និងជួយដោះស្រាយបញ្ហារបស់កម្មការិនី ដែលដួលសន្លប់ នៅរោងចក្រប៉ុន តឹស ហ្វូតវែ នៅផ្លូវជាតិលេខ០៣ ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
លោក ជាវ ប៊ុនរិទ្ធ បានបញ្ជាក់ឱ្យដឹងទៀតថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មានកម្មករម្នាក់នៅក្រុម២២A បានវៃឡេវត្រូវម្រាមដៃ (បែកចុង) ហេីយបានស្រែក ធ្វេីឱ្យកម្មករដែលនៅជិតខាង មានអារម្មណ៍ទន់ដៃទន់ជើង ភិតភ័យដួលសន្លប់តៗគ្នា។ មន្រ្តីជំនាញ បសស សហការជាមួយអាជ្ញាធរពាក់ព័ន្ធជួយសង្គ្រោះកម្មករ។ បសស ក៏ធានារ៉ាប់រងផ្តល់ការពិនិត្យ និងព្យាបាលកម្មករផងដែរ។
លោកបានបន្តទៀតថា នៅថ្ងៃទី១០ ខែកក្កដា ២០១៨នេះ កម្មករនៅមានអារម្មរណ៍ភិតភ័យក្នុងអារម្មរណ៍ អំពីស្ថានភាពសន្លប់ ថ្ងៃទី៩ ទើបថ្ងៃនេះ ធ្វើឱ្យបងប្អូន មានអារៈ ទន់ដៃ ទន់ជើង សន្លប់បន្ត។ វិធានការ មន្រ្តី បសស គឺស្នើរោងចក្រផ្សព្វផ្សាយអំពីមូលហេតុពិតប្រាកដ នៃការដួលសន្លប់ ហើយអនុញ្ញាតឱ្យកម្មករ ឈប់សម្រាកនូវពេលវេលាសមស្រប ដើម្បីឱ្យបងប្អូនកម្មករមានសុខភាព និងអារម្មរណ៍ វិលមករកសភាពដើមវិញ។ ក្រុមការងារ បសស សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បន្តតាមដាន និងយកចិត្តទុកដាក់បន្ថែម។
សូមបញ្ជាក់ថា បើតាមរបាយការណ៍នៅមូលដ្ឋាន បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដានេះមាន ក្រុមកម្មករ-កម្មការិនីរោងចក្រដេរស្បែកជើង ប៉ុន តឺស ចំនួនជាង៤០០នាក់បន្ថែមទៀត បានដួលសន្លប់ បន្ទាប់ពីក្រុមកម្មកប្រមាណជាង៣០០នាក់ បានដួលសន្លប់ កាលពីម្សិលមិញ។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានថ្លែងថា នៅព្រឹកនេះ មានកម្មករប្រមាណជាង៤០០នាក់ទៀត នៅរោងចក្រខាងលើ បានដួលសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានបញ្ចូនមកសម្រាកព្យាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកអង្គរការ និងមន្ទីរពេទ្យខេត្តតាកែវ៕