(ភ្នំពេញ)៖ សាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នាំយករថយន្តពិសោធន៍ ចល័តកាំកុងត្រូល ចុះទៅពិនិត្យទំនិញជាគ្រឿងសមុទ្រក្លាសេ ដែលដាក់តាំងលក់ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់។
មន្រ្តីសាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យ ទំនិញជាគ្រឿងសមុទ្រក្លាសេ បានយក ២៥គម្រូ មកពិនិត្យភ្លាមៗ ដូចជាម៊ឹកក្លាសេច្រើនប្រភេទ បង្គាក្លាសេ គ្រំសមុទ្រក្លាសេ ត្រីបបែលក្លាសេ ត្រីសាមបាក់ក្លាសេ ព្រុយត្រីសមុទ្រក្លាសេ។ ជាលទ្ធផល គឺផលិតផលទាំង ២៥គម្រូនេះ សុទ្ធតែមានអនុលោមភាព សុវត្ថិភាពទាំងអស់។
ជាមួយគ្នានោះ ក្រុមការងារ ក៏បានចែកផ្សាយនូវផ្ទាំងរូបភាព សម្រាប់ណែនាំ អប់រំដល់អ្នកលក់ និងអ្នកប្រើបាស់ ឲ្យបានយល់ដឹង ពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការ ដាក់លាយសារធាតុគីមីហាមឃាត់ ចូលក្នុងម្ហូបអាហារ។
ដោយឡែកសាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានឃ្លាំពិនិត្យមើលឡើងវិញ នូវតម្លៃលក់រាយប្រេងសាំង និងម៉ាស៊ូតតាមស្ថានីយ ដោយពិនិត្យឃើញថា៖
*ថ្លៃលក់រាយប្រេងសាំងធម្មតា គឺមានតម្លៃមិនលើសពី ៣,៩៥០៛ ក្នុង១លីត្រឡើយ។
*ថ្លៃលក់ប្រេងម៉ាស៊ូតវិញ គឺមិនលើសពី ៣,៧៥០៛ ក្នុងមួយលីត្រឡើយ ដែលតម្លៃនេះសមស្រប ទៅនឹងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៏ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
មន្រ្តីសាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងទៀតថា ការរកមិនឃើញផលិត ផលម្ហូបអាហារ ខូចគុណភាពខាងលើនេះ សបញ្ជាក់ថា អាជីវករ មានការយល់ដឹងខ្ពស់ ពីសុវត្ថិភាព ម្ហូបអាហារក៏ដូចជា ការការពារសុខភាពរបស់ពួកគាត់ផងដែរ៕