(ភ្នំពេញ)៖ សិល្បករ-សិល្បការិនី គ្រប់ទម្រង់នៃសមាជិករបស់ក្រុម គ្រួសារតារាកម្ពុជាជាច្រើននាក់ ដែលមានដូចជា តារាចម្រៀង,តារាសម្តែង និងតារាកំប្លែង បាននាំគ្នាបង្ហាញវត្តមានចូលរួម ប្រារព្ធពិធីខួប២ឆ្នាំនៃ ការកកើតរបស់បណ្តាក្រុមសមាជិក នៃគ្រួសារតារាកម្ពុជា កាលពីរាត្រីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភោជនីយដ្ឋាន ធឺរេសធីខេ ដោយពិធីនេះទទួលបានការគាំទ្រ និងជោគជ័យយ៉ាងខ្លាំង ខណៈកម្មវិធីទាំងមូល បានរៀបចំព្រឹត្តិការណ៍ ប្រកួតការស្លៀកពាក់ឈុតបុរាណ ដើម្បីលើកកំពស់សម្លៀកបំពាក់ក្នុងសម័យការនីមួយៗ។
ពិធីនេះបានការអញ្ជើញ ចូលរួមជាអធិបតិភាព ពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ចំណែកឯគណៈកម្មការដាក់ពិន្ទុ នៃការប្រកួតឈុតសម្លៀកបំពាក់បុរាណខ្មែរ រួមមាន តតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច , លោក កុយ ស៊ីឌឿន , អតីតតារាកំប្លែងនាយ ឃ្លោក ,អ្នកគ្រូ គង់ ណារី ,អ្នកស្រី សាក់ សាកេតមយូរ៉ា និងស្វាមី សោម ដូរិន។
លោក ផាត់ តារារដ្ឋ ស្ថានិកគ្រួសារតារាកម្ពុជា បានប្រាប់ឲ្យដឹងថា ពិធីនេះទាំងមូលមិនមែនប្រព្រឹត្តឡើង ត្រឹមតែជាការអបអរខួប២ឆ្នាំ នៃការកកើតក្រុមគ្រួសារតារាកម្ពុជានោះទេ គឺមួយផ្នែកទៀត ក៏ដើម្បីជាការបំពាក់ មេដាយកិត្តិយស ដល់អ្នកសិល្បៈ ដែលមានស្នាដៃឆ្នើម ក្នុងសកម្មភាពរួមការងារជួយសង្គម និងក៏មានការប្រកួតឈុតបុរាណខ្មែរ នៃសមាកជិកគ្រួសារតារាកម្ពុជា ផងដែរ។
លោកបន្តថា នេះពិតជាមហាជោគជ័យ ដែលគ្រួសារតារាកម្ពុជា អាចធ្វើព្រឹត្តិការណ៍ប្រគល់មេដាយ ជូនអ្នកសិល្បៈជាទ្រង់ទ្រាយធំមួយ ដើម្បីឲ្យអ្នកសិល្បៈទទួលបាននូវកិត្តិយស ក្នុងស្រទាប់មហាជន។ ម្យ៉ាងទៀត ចំពោះអ្នកមិនបានលើកពាន កំពុងយល់ថា ការដាក់ពិន្ទុរបស់គណកម្មការមិនយុត្តិធម៌ ព្រោះថាពាននេះ មិនមែនសម្រាប់សិល្បករ ដែលទៅជួលខោអាវសម្អាងការ និងសម្លៀកបំពាក់បុរាណស្រាប់ៗ ហើយគិតថា លើកពានបាននោះទេ។
ប្រភពបានបន្ថែមថា ចំពោះឈុតដែលលើកពានបាន ដាច់ខាតត្រូវតែជាឈុតដែលចេញដោយគំនិតថ្មី ការស្រាវជ្រាវថ្មី មានរចនាបទខ្មែរច្បាស់លាស់នេះ គឺការប្រកួតសម្លៀកបំពាក់បុរាណ មិនមែនប្រកួតសម្រស់ អ្នកស្លៀកស្អាតជាងគេលើកពានទេ។ ការដាក់ពិន្ទុត្រូវមើលលើរចនាបទ គំនិតច្នៃប្រឌិតខ្ពស់ និងត្រូវតាមក្បួន។ ឈុតដែលលើកពាន ត្រូវតែជាឈុត រកជួលមិនបានក្រៅពីស្នាដៃរបស់បុគ្គលម្នាក់។
សូមបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ របស់តារាសិល្បៈ ដែល «គ្រួសារតារាកម្ពុជា» សម្រេចបាន ដោយក្រៅពីលើកស្ទួយអ្នកសិល្បៈខ្មែរ ក៏បានលើកកម្ពស់ទម្រង់ សិល្បៈបុរាណខ្មែរ គួរឲ្យកត់សម្គាល់ផងដែរ។
ដោយឡែកអ្នកឈ្នះពានទាំង៨រូបនោះ រួមមាន កញ្ញារំដួលលិចទឹក បានពានតារាឆ្នើមប្រចាំគ្រួសារតារាកម្ពុជា ដែលលេចធ្លោជាងគេ ក្នុងស្រទាប់មហាជន និង បានពានតារាលេចធ្លោ ផ្នែកឈុតបុរាណកែច្នៃ ក្នុងឈុតច្នៃពីកន្ទេល តាមលំនាំព្រះនាងឥន្ទ្រទេវី។ លោក ស៊ិន សុធារិទ្ធិ ឈ្នះពានតារាលេចធ្លោ ផ្នែករំលេចឈុតកម្រក្នុងសម័យបុរាណ ក្នុងឈុតកងទាហានក្នុងសម័យអង្គរ, កញ្ញា ប៊េប៊ី ឈ្នះពានតារាលេចធ្លោ ផ្នែករំលេចឈុតកម្រក្នុងសម័យបុរាណ ក្នុងឈុតព្រះនាងឥន្ទ្រទេវី, លោករុន ណាកូ ឈ្នះពានតារាសម្ដែង ផ្នែករំលេចឈុតបុរាណត្រូវទម្រង់បានស័ក្ដិសម, អ្នកនាង ម៉ៅ ស៊ីណាត ឈ្នះពានតារាលេចធ្លោប្រចាំផ្នែក រំលេចបុរាណត្រូវទម្រង់បានស័ក្ដិសម និងកញ្ញា ភី សម័យ ឈ្នះពានតារាឆ្នើម ផ្នែករំលេចឈុតអស្ចារ្យប្រចាំឆ្នាំ ក្នុងឈុតកែច្នៃពិសេសមួយ ពីបំពង់ទុយោ។
ឈុតទាំងដែលបានទទួលជ័យជម្នះ ត្រូវបានប្រកាសថា គឺជាឈុតដែលកែច្នៃដោយគំនិត និងមានការស្រាវជ្រាវច្បាស់លាស់ ដើម្បីរំលេចទម្រង់បុរាណរបស់ខ្មែរឲ្យបានផុសឡើង៕