(ភ្នំពេញ)៖ អគ្គនាយករងថ្មី របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដែលជាជនជាតិកូរ៉េ លោក Jong Weong Ha បានអះអាងថា លោកនឹងប្រឹងប្រែងធ្វើឲ្យវិស័យមូលបត្រនៅកម្ពុជា មានការរីកចម្រើន នៅរយៈពេល៣ឆ្នាំទៀត ខណៈដែលរូបលោកបានស្វែងយល់រួចរាល់ ពីមូលហេតុនៃការរាំងស្ទះដល់ការរីកចម្រើននេះ។
អគ្គនាយករងជនជាតិកូរ៉េ ដែលទើបមកបំពេញការងារនៅ CSX បានត្រឹម៣ខែរូបនេះនិយាយថា ការងារដែលលោកត្រូវធ្វើនោះ គឺត្រូវតែប្រមូលក្រុមហ៊ុនឲ្យចូល ក្នុងផ្សារហ៊ុនឲ្យកាន់តែច្រើន ដោយប្រឹងប្រែងពន្យល់សហគ្រិននៅកម្ពុជា ពិសេសសហគ្រិនក្មេងៗ ឲ្យយល់ពីសារសំខាន់ក្នុងការចូលផ្សារហ៊ុន។ ការងារមួយទៀត គឺ CSX នឹងខិតខំធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាលអំពីសារប្រយោជន៍នៃការជួញដូរមូលបត្រដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតនៅកម្ពុជា ឲ្យពួកគាត់ចូលរួមយកប្រាក់វិនិយោគទិញ លក់មូលបត្រឲ្យបានកាត់តែច្រើន។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News លោកអគ្គនាយករងបានបញ្ជាក់ថា «ខ្ញុំចង់ធ្វើឲ្យវិស័យមូលបត្រនៅកម្ពុជា មានការរីកចម្រើនត្រឹមតែ៣ឆ្នាំទៀត ពីព្រោះខ្ញុំខិតខំខ្លាំងណាស់រាល់ថ្ងៃនេះ»។
លោក Ha និយាយថា បញ្ហាដែលវិស័យមូលបត្រនៅកម្ពុជា មានការរាំងស្ទះដោយសារទី១៖ CSX ទើបតែមានក្រុមហ៊ុន៥តែប៉ុណ្ណោះដែលបោះផ្សារលក់មូលបត្រ, ទី២៖ អត់សូវមានការទិញលក់ក្នុងទីផ្សារ។ តែលោកថា នេះជារឿងធម្មតា នៅប្រទេសណាក៏ដោយ ឲ្យតែទើបបើកដំបូង វាចាប់ផ្តើមពីចំនួនតិច បើដូចផ្សារមូលបត្រនៅកូរ៉េ បានដំណើរការអស់រយៈពេល ៦០ឆ្នាំមកហើយ ទម្រាំតែមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
លោក Ha បានបន្តថា បញ្ហាមួយទៀត គឺបញ្ហាអត្រាការប្រាក់នៅតាមធនាគារ មានអត្រាខ្ពស់ពី៦ភាគរយ ទៅ៧ភាគរយ ដែលបញ្ហានេះ ធ្វើឲ្យអ្នកវិនិយោគចង់យកលុយទៅដាក់ នៅធនាគារជាងទិញភាគហ៊ុន។ ប៉ុន្តែលោកថា ការប្រាក់ខ្ពស់នោះមានតែរយៈពេលនេះប៉ុណ្ណោះ តែទៅថ្ងៃខាងមុខ ការប្រាក់នៅធនាគារនឹងធ្លាក់ចុះជាក់ជាមិនខាន ដែលការវិនិយោគលើវិស័យមូលបត្រនឹងល្អជាង ការដាក់ប្រាក់នៅធនាគារយកការប្រាក់។
លោកអគ្គនាយករូបនេះបានបញ្ជាក់ទៀតថា នៅមានបញ្ហាមួយទៀត ក៏រាំងស្ទះដល់ការរីកចម្រើន នៃវិស័យមូលបត្រផងដែរ គឺនៅកម្ពុជា វិនិយោគិនចូលចិត្តយកលុយទៅទិញដី ឬវិនិយោគលើវិស័យអចលនទ្រព្យច្រើនជាង ព្រោះពួកគេរំពឹងថា ទទួលបានប្រាក់ចំណេញខ្ពស់ ដោយសារកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ តែនៅដំណាក់កាលណាមួយវិស័យនេះ ក៏មិនប្រាកដថាល្អដូចវិស័យមូលបត្រដែរ។
លោកអគ្គនាយករងបានថ្លែងទៀតថា «យើងចង់មានម្ចាស់ក្រុមហ៊ុនវ័យក្មេងនៅកម្ពុជា ទទួលជោគជ័យក្នុងទីផ្សារមូលបត្រ ដើម្បីធ្វើការផ្សព្វផ្សាយ ទៅអ្នកផ្សេងទៀតយកគំរូតាម ចង់ឲ្យក្រុមហ៊ុនរបស់ខ្លួនក្នុងផ្សារហ៊ុន។ ឧទាហរណ៍ ដូចនៅប្រទេសកូរ៉េ អ្នកណាក៏ចង់ឡើងមកផ្សារហ៊ុនដែរ ក្រោយពេលដែលឡើងមកហើយ ក្រុមហ៊ុនគាត់អាចប្រមូលទុនបាន ពង្រីកអាជីវកម្មបានលឿន គាត់ក៏ទិញឡាន ទិញផ្ទះ។ ពេលដែលអ្នកដទៃឃើញបែបនេះ គេក៏សុទ្ធតែចង់ធ្វើតាម ចង់បើកអាជីវកម្ម តាមរយៈឡើងមកផ្សារហ៊ុនទាំងអស់គ្នាតែម្តង»។
លោក Ha បញ្ជាក់ទៀតថា នៅប្រទេសកម្ពុជានិស្សិតភាគច្រើនគាត់ចង់ ទៅធ្វើការតាមធនាគារ ឬតាមកន្លែងអាជីវកម្មផ្សេងៗទៀត នៅពេលដែលគាត់ ចង់ក្លាយជាវិនិយោគិន។ លោកមិនចង់ឲ្យពួកគេ ធ្វើបែបនេះទេ ដោយចង់ឲ្យនិស្សិតទាំងនោះរៀនធ្វើអាជីវកម្មខ្លួនឯង តាមរយៈបើកស្វែងយល់ពីផ្សារមូលបត្រ ហើយចាប់ផ្តើមបើកអាជីវកម្ម និងពង្រីកអាជីវកម្មខ្លួនឯងផ្ទាល់តែម្តង។
ជាមួយគ្នានេះ លោកអគ្គនាយករងថ្មីរូបនេះ បានលើកឡើងថា នៅឆ្នាំនេះ យ៉ាងហោចណាស់មានក្រុមហ៊ុនថ្មីៗ ចំនួន៣ទៀត ដែលនឹងចូលផ្សារមូលបត្រ ដែលនេះជាការផ្តល់ជម្រើសច្រើនសម្រាប់អ្នកវិនិយោគ ហើយក៏ជួយជំរុញដល់ការរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជាផងដែរ៕