(ព្រះវិហារ)៖ ជនសង្ស័យជាមន្ត្រីនគរបាលព្រំដែនគោកលេខ៧៩៣ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី ពីបទកំហែងទារប្រាក់តាមទូរស័ព្ទ ពីជនរងគ្រោះ៣នាក់ នៅខេត្តព្រះវិហារ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ថា ពិតជាមានការឃាត់ខ្លួនមន្ត្រីនគរបាលព្រំដែន គោកលេខ៧៩៣មែន ពោលក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះថា មានករណីកំហែងទារប្រាក់ពីរូបគាត់តាមរយៈទូរស័ព្ទ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងនគរបាលនាយកដ្ឋានការពារព្រំដែនគោក និងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទើបឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យរូបនេះ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អៀ ហុកលីម ហៅណេង អាយុ៣៩ឆ្នាំ ជាមន្ត្រីនគរបាលវរការពារព្រះដែនគោក លេខ៧៩៣ មានទីលំនៅភូមិចាត់តាំង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេបានគំរាមលើកទី១ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ម៉ោងប្រហែល១៖១៧នាទី ដោយបានទូរស័ព្ទទៅឈ្មោះឡេង តូន ភេទប្រុស រស់នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយបន្លំឈ្មោះ លឹង ជា មេចោរប្លន់ ទើបចេញពីគុក ហើយគំរាមទារប្រាក់ចំនួន១០០០ដុល្លារ ប៉ុន្តែជនរងគ្រោះប្រាប់ថា គ្មានលុយទេ ចាំ២ ឬ៣ថ្ងៃទៀត។
ក្រោយមក ជនសង្ស័យបានទូរស័ព្ទគំរាមម្តងទៀត ដោយគំរាមសម្លាប់រូបគេ និងគ្រួសារទាំងអស់ ហើយឲ្យរកមេក្រូធ្វើបុណ្យទៅ។ គំរាមលើកទី២ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤៖០០នាទី ជនសង្ស័យបានទូរស័ព្ទកំហែងទារប្រាក់ ពីអ្នកទិញឈើម្នាក់ទៀត នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយបន្លំថា ខ្លួនជាមេព្រៃខេត្ត ហើយទារប្រាក់ក្នុង១ខែ ៥០០ដុល្លារ តែជនរងគ្រោះប្រាប់វិញថា គ្មានលុយទេ ដោយសារទិញឈើអស់ហើយ និងឲ្យទៅសុំឈ្មោះអេង ម្នាក់ទៀតទៅ ព្រោះគាត់ទិញឈើច្រើន។
ពេលនោះជនសង្ស័យបានទូរស័ព្ទទៅឈ្មោះ អេង ទៀត ដោយបន្លំជាព្រះរាជអាជ្ញារងខេត្តព្រះវិហារ ហើយកំហែងទារប្រាក់៥០០ដុល្លារ ពេលនោះជនរងគ្រោះអង្វរសុំឲ្យតែ១០០ដុល្លារ ដោយចាំផ្តល់ឲ្យតាមក្រោយ។
ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងក្រោយពីធ្វើការស្រាវជ្រាវស៊ើបអង្កេត តាមការប្រមូលវត្ថុតាង ដែលចាប់យកបាននោះ ទើបធ្វើការសន្និដ្ឋានថា ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តសកម្មភាព ល្មើសពីបទកំហែងទារប្រាក់ពិតប្រាកដមែន ហើយលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះករណីនេះ ដោយមិនត្រូវជឿទាំងស្រុងតាមរយៈ ការនិយាយទូរស័ព្ទគ្នា ដោយមិនបានជួបមុខគ្នាផ្ទាល់នោះទេ លើសពីនេះ អាចប្តឹងមកសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីមានវិធានការជួយទាន់ពេលវេលាផងដែ៕