Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ត្រូវខំក្តាប់មុខសញ្ញាចែកកចាញគ្រឿងញៀន ព្រមទាំងចាប់ខ្លួនមេខ្លោង មកផ្តន្ទាទោសឲ្យបាន

10-07-2018 14:20

(កំពង់ធំ)៖ អាជ្ញាធរខេត្តកំពង់ធំនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សានុសិស្សប្រមាណ៥០០នាក់ផងដែរ។

លោក សុខ លូ បានថ្លែងថា សមត្ថកិច្ចមូលដ្ឋាន ត្រូវជំរុញការផ្សព្វផ្សាយពីការបង្ការ ការបង្រ្កាប ឲ្យបានដល់ប្រជាពលរដ្ឋ សហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងជំនាញផ្សេងៗ ដើម្បីក្តាប់នូវមុខសញ្ញា ចែកចាយគ្រឿងញៀន ព្រមទាំងចាប់ខ្លួនមេខ្លោង យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យបាន។ លោកថា សមត្ថកិច្ចត្រូវធ្វើជាប្រចាំឲ្យដូចភ្លៀងរលឹម មិនអាចធ្វេសប្រហែស បណ្តែតបណ្តោយ ព្រងើយកន្តើយ មិនខ្វាយខ្វល់នឹងចំណុចខ្វះចន្លោះទំាងអស់នេះបានឡើយ ត្រូវកែលម្អរជាបន្ទាន់ ព្រោះវាចបំផ្លាញដល់មនុស្សជាតិ ប្រទេសជាតិ និងពិភពលោកទៀតផង។

លោកអភិបាលខេត្ត បានបន្តទៀតថា បញ្ហាគ្រឿងញៀននេះទៀតសោត ត្រូវផ្សព្វផ្សាយឲ្យដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន ជនបទ និងតំបន់ដាច់ស្រយាល ធ្វើយ៉ាងណា ឲ្យពួកគាត់យល់ពីផលប៉ះពាល់ នៃគ្រៀងញៀន មិនមែនធ្វើឲ្យតែបានៗ នោះទេ។ លោកបន្តថា ចំពោះសមត្ថកិច្ចត្រូវត្រួតពិនិត្យឡើងវិញ នូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ និងមានភាពទទួលខុសត្រូវខ្ពស់។

លោកវរសេនីយ៍ឯក វ៉ា ច័ន្ទកុសល ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបង្ហាញលទ្ធផលការងារ ដែលអនុវត្តន៍ក្នុងឆមាសទី១ ឆ្នាំ២០១៨ និងបានផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន នៅតាមបណ្តាគោលដៅ សណ្ឋាគារ ផ្ទះជួល ផ្ទះសំណាក់ ខារ៉ាអូខេ ក្រុមហ៊ុន រោងចក្រ សាលារៀន និងទីតាំងដែលមានពាក់ព័ន្ធនៅក្នុងខេត្ត បានចំនួន១១៥២លើក ដែលមានម្ចាស់អាជីវកម្ម បុគ្គលិក កម្មករ អ្នកបម្រើសេវា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួម៥៩០២៦នាក់។

ជាមួយគ្នានេះ លោក សុខ លូ បានជំរុញឲ្យមាតាបិតា ត្រូវអប់រំ កូនចៅឲ្យខិតខំរៀនសូត្រ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីចម្រើន នៅឲ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ចូលរួមថែរក្សានូវសុខសន្តិភាពដូចសព្វថ្ងៃនេះឲ្យបាន ស្របតាមរយៈគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តន៍ភូមិឃុំ ឲ្យបានល្អប្រសើរ និងត្រៀមឯកសារតាមការ កំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា នៅថៃ្ងទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕