(កំពង់ឆ្នាំង)៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោក ពិតជាបានឃាត់ខ្លួនគ្រូបង្រៀននៅអនុត្រពាំងចាន់ ក្នុងឃុំត្រពាំងចាន់ ស្រុកបូរិបូរណ៍ ក្រោយពីជនម្នាក់នេះ បានញុះញង់ដល់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី៨ ខែកក្កដា ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃម្សិលមិញ បន្ទាប់ពីជននេះបានធ្វើកិច្ចកិច្ចសន្យាបញ្ឈប់ នូវការធ្វើសកម្មភាពបែបនេះបន្តទៀត។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា គ្រូបង្រៀនរូបនេះមានឈ្មោះ អ៊ុ សាវ៉ាន ជាអតីតជំទប់ទី២ ឃុំឆ្នុកទ្រូផងដែរ។
យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ផ្សារឆ្នាំង បានឲ្យដឹងថា ការឃាត់ខ្លួនបុគ្គលរូបនេះ បានធ្វើឡើងនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង៕