(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារ ចុះជួយខណ្ឌសែនសុខ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានចុះណែនាំ និងបង្រៀនគូសសន្លឹកឆ្នោតដល់ សមាជិកគណបក្សប្រជាជនកម្ពុជា នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី នៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិក្រោយៗ ជាបន្តបន្ទាប់ទៀត ឲ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។
លោក ម៉ម ប៊ុនហេង បានថ្លែងផងដែរថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពោលបានក្លាយពីប្រទេសក្រីក្រ ឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ លើសពីនោះ រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បាននឹងជំរុញប្រាក់បៀវត្សរ៍មន្រ្តីរាជការកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ។
ដើម្បីបន្តរក្សាបានភាពរីកចម្រើន របស់ជាតិកម្ពុជាទៅមុខបន្តទៀត ជាពិសេសរក្សាបាននូវសុខសន្តិភាពនោះ លោក ម៉ម ប៊ុនហេង បានអំពាវដល់ប្រជាពលរដ្ឋបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា មានរូបទេវតាបាចផ្កាជាសញ្ញាស្ថិត នៅលេខរៀងទី២០ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ច បម្រើជាតិ និងប្រជាជនរយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕