Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជា បន្តយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត ទៅដល់ស្រុកឆ្លូង ខេត្តក្រចេះ

10-07-2018 12:31

(ក្រចេះ)៖ ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ជាប្រធាន ព្រមទាំងសមាជិក-សមាជិកា និង សកម្មជនបក្សជាច្រើននាក់ ដែលមានវត្តមានពីបេក្ខជនតំណាងរាស្រ្តខេត្តក្រចេះ បានបន្តយុទ្ធនាការសំណេះសំណាល និងឃោសនារកសម្លេងឆ្នោត មកដល់សហគមន៍ខ្មែរឥស្លាម ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដែលបានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងឃុំចំនួន៣សំខាន់ៗ រួមមានឃុំ ខ្សាច់អណ្តែត ឃុំពង្រ និងឃុំព្រែកសាម៉ាន់។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំឥស្លាម សកម្មជន និងតំណាងសមាជិកគណបក្ស នៅឯឃុំខ្សាច់អណ្តែត ជាង៥០០នាក់ បន្ទាប់ពីបានផ្សព្វផ្សាយគោលនយោបាយសំខាន់ៗ ទាំង១១ចំនុច របស់គណបក្សសម្រាប់អាណត្តិទី៦នេះ លោក អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ទៅលើចំនុចដែលគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឲ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស។

លោក អូស្មាន ហាស្សាន់ បានបន្តទៀតថា ដើម្បីឲ្យយើងបានបន្តរួមរស់ ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍន៍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាព ក្នុងការប្រតិបត្តិតាមប្រពៃណីសាសនា សូមបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

នៅឯឃុំពង្រ ដែលបានចុះជួបសំណេះសំណាល ទៅកាន់២កន្លែងទៀត គឺភូមិ ត្នោត និង ភូមិពង្រ អ្នកចូលរួមជាងមួយពាន់នាក់ លោក អូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើដល់ សកម្មជនព្រឹទ្ធាចារ្យ និង អ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឲ្យរក្សាគោលជំហរ និងការប្តេជ្ញាទៅបោះឆ្នោតឲ្យទាល់តែបាន។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ទៀតថា ត្រូវសហការផ្សព្វផ្សាយជូនអ្នកឯទៀត ឲ្យយល់កាន់តែច្បាស់ពីសារៈសំខាន់ នៃការបញ្ចេញសិទ្ធិជាពលរដ្ឋកម្ពុជា ដើម្បីបោះឆ្នោត ជ្រើសរើសមេដឹកនាំដែលខ្លួនផ្ញើវាសនា មេដឹកនាំដែលមាន សមត្ថភាពកសាងប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងអភិវឌ្ឍន៍៕