(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨នេះ លោក សារិន វណ្ណា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (បណ្ណ័កម្មសិទ្ធិ) ចំនួន១៣០៥ក្បាលដី ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ចេង មុនីរ៉ា បានថ្លែងថា កម្មសិទ្ធិមួយសន្លឹកនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះ ឬក្បាលដីនីមួយៗ។ ដូចនេះសូមបងប្អូនថែរក្សាប័ណ្ណឲ្យបានល្អ និងមានសុវត្ថិភាពបំផុត។ ជាពិសេសនោះ សូមបងប្អូនកុំយកវាទៅអ៊ុតរឹង ពីព្រោះវាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះទៅចុះបញ្ជីបន្ត។ លោកអភិបាលខណ្ឌ បានស្នើដល់ប្រជាជនពិចារណាឲ្យបានម៉ត់ចត់ ក្នុងករណីបងប្អូនយកប័ណ្ណកម្មសិទ្ឋិនេះ យកទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ឲ្យដឹងថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់គ្នា ទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រផងដែរ។ ការដែលចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ មានការយឺតយ៉ាវ ដោយសារប្រជាពលរដ្ឋទាំងពីរភូមិនេះ រស់នៅលើដីកម្មសិទ្ធរបស់រដ្ឋ ហើយរដ្ឋបាលសាលារាជធានីភ្នំពេញ រង់ចាំការអនុញ្ញតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើសម្បទានដល់ប្រជាពលរដ្ឋទាំងអស់នោះ។
លោក សារិន វណ្ណា បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានយ៉ាងច្បាស់មានប្រសិទ្ឋិភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាបដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ ការគ្របគ្រងដីធ្លីបានល្អ ជាមូលដ្ឋានឲ្យរដ្ឋ គិតគូរប្រមូលចំណូលចូលថវិកាជាតិ និងផ្តល់លក្ខណៈងាយស្រួល ដល់ការជំរុញកិច្ចវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។
លោក សារិន វណ្ណា បានឲ្យដឹងថា «មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធជាផ្លូវការហើយ»៕