(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មានការសប្បាយរីករាយយ៉ាងក្រៃលែង និងប្ដេជ្ញាចិត្តដឹកនាំគ្រួសារ ទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២៩ ខែកក្កដា ខាងមុខ ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សដឹកនាំប្រទេស នាំមកនូវសន្តិភាព និងការអភិវឌ្ឃន៍បន្តទៀត។
ការប្ដេជ្ញាយ៉ាងដូច្នេះ ក្រោយពីបានឃើញវត្តមានលោក ជា ពិសី អភិបាលខណ្ឌ និងជាអនុប្រធានគណបក្សខណ្ឌ ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះមកទទួលយកសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា ជូនពួកគាត់ ដូចជាការដាក់អំពូលភ្លើងសឡាបំភ្លឺផ្លូវ ការដាក់ប្រព័ន្ធលូចាក់ជាបេតុងរំដោះទឹក ជាមួយបញ្ហានាំយកកាកសំណល់សំរាមចេញឲ្យអស់ ក្នុងការបង្ការឆ្លងជំងឺដង្កាត់ផ្សេងៗ។
ក្នុងសកម្មភាព ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលយកសំណូមពរ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ខាងលើនេះ លោក ជា ពិសី បានលើកឡើងថា តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញថា ចំពោះមន្ត្រីគ្រប់រូបមិនមែនជាចៅហ្វាយនាយទេ ផ្ទុយទៅវិញមន្ត្រី គឺជាអ្នកបម្រើរាស្ត្រ ដោយភាពស្មោះត្រង់។
លើសពីនេះ លោក ជា ពិសី បានជំរុញឲ្យប្រជាពលរដ្ឋតាមខ្នងផ្ទះគ្រប់រូប គួរបំពេញកាតកិច្ច ក្នុងការចូលរួមបោះឆ្នោតតំណាងរាស្ត្រ និតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខ ហើយធ្វើការជ្រើសរើស ឲ្យបានច្បាស់លាស់ ចំពោះគណបក្សណាមួយ ដែលយើងពេញចិត្ត និងជួយយើងទាំងអស់គ្នាបាន ជួយជាតិបាន «ពោលគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា» មានលេខរៀងទី២០ ជាលេខរៀងចុងក្រោយ គេងាយស្រួលចាំ ដើម្បីទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ និងដើម្បីមានឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាបន្ដទៀត។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានប្ដេជ្ញាចិត្តដឹកនាំគ្រួសារទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២៩ កក្កដាខាងមុខ ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សដឹកនាំប្រទេសនាំមកនូវសន្តិភាព និងការអភិវឌ្ឍបន្តទៀត៕