(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨នេះ បានចុះផ្សព្វផ្សាយបញ្ចៀបការយល់ដឹងបន្ថែម លើបញ្ហា២ចំនួន គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នឹងបញ្ហាគ្រឿងញៀន ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋនៅបឋមសិក្សា និងអនុវិទ្យាល័យទួលថ្ម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ នឹងជំរុញលើកទឹកចិត្តដល់ សិស្សានុសិស្ស ក្នុងការខិតខំរៀនសូត្រ ដើម្បីបន្តការសិក្សាទៅថ្នាក់វិទ្យាល័យបន្តទៅមុខទៀត។
នៅក្នុងឱកាសនោះលោក គួច ចំរើន បានថ្លែងប្រាប់ទៅសិស្សានុសិស្ស នៃបឋមសិក្សា-អនុវិទ្យាល័យទួលថ្មថា ក្នុងនាមជាសិស្សសាលា ត្រូវគិតលើបញ្ហា២ដ៏ធំ គឺមានគ្រោះថ្នាក់ចរាចរណ៍ នឹងបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិ ជារៀងរាល់ថ្ងៃ យើងត្រូវផ្សព្វផ្សាយបន្ត ត្រូវប្រុងប្រយ័ត្នដោយគោរពច្បាប់ចរាចរណ៍ត្រូវពាក់មួកសុវត្ថិភាព ចេះអធ្យាស្រ័យគ្នា ចេះយោគយល់គ្នា ហាមប្រើប្រាស់គ្រឿងញៀន សេពគ្រឿងស្រវឹងជាដើម ក្នុងពេលកំពុងបើកបរ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ក្នុងការបើកបរ។
លោក គួច ចំរើន បានបន្តថា ដូច្នេះយើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ បញ្ហាជាពិសេសប្រចាំថ្ងៃនោះ គឺបញ្ហាសម្រាមត្រូវធ្វើការគ្រប់គ្រង បានត្រឹមត្រូវ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសម្រួលចរាចរណ៍កុំឱ្យកក់ស្ទះនៅលើដងផ្លូវផងដែរ។ យុវជនគឺជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ ដើម្បីអភិវឌ្ឍន៍កសាងប្រទេសឱ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯង និងសង្គមជាតិផងដែរ។
លោក គួច ចំរើន ក៏បានស្នើដល់លោកគ្រូអ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានឡើងលើបញ្ហាគ្រោះថ្នាក់ នឹងបញ្ហាគ្រឿងញៀន ក្នុងពេលគោរពទង់ជាតិរៀងរាល់សប្តាហ៍។ លោកបានជំរុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង សង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕