(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល តំណាងរាស្រ្តប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការនូវអគារបឋមសិក្សាភូមិស្រែល្អ ១ខ្នង ៦បន្ទប់ តម្លៃជាង៦ម៉ឺនដុល្លារ និងបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ចំនួនជិត៦៥០០នាក់ នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សរួមមាន៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានថ្លែងបន្តថា គណបក្សប្រជាជនតែ១គត់ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងបានរួមសុខរួមទុក្ខជាមួយបងប្អូន ជនរួមជាតិតាំងពីកម្ពុជា នៅក្រោមគំនរផេះផង់រហូតដល់កម្ពុជាមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានប្តេជ្ញាការពារសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿងសំបូរសប្បាយ «គណបក្សប្រជាជនឈ្នះ គឺប្រជាជនកម្ពុជាទាំងអស់ឈ្នះ»។
ជាមួយនឹងការរីកចម្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ភូមិស្រែល្អ ដែលជាភូមិមួយនៅជនបទដាច់ស្រយ៉ាល មានអគ្គិសនី សាលារៀន និងផ្លូវថ្នល់ក្រាលកៅស៊ូសម្រាប់ប្រើប្រាស់ ដែលជាមោទភាពសម្រាប់យើងទាំងអស់គ្នា។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកាទាំងអស់ នៃមហាគ្រូសារអ្នកបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្របន្តទៀត នៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅ យ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាក់ផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព និងមានអគ្គិសនីប្រើប្រាស់តម្លៃកាន់តែថោក ផ្លូវថ្នល់ក្រាលកៅស៊ូកាន់ តែច្រើនបន្ថែមទៀត៕