(ភ្នំពេញ)៖ ក្រេឌីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នាំមុខគេមួយនៅកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការយុទ្ធនាការដាក់ប្រាក់សន្សំថ្មី ឈ្មោះថា «ដាក់ភ្លាមរង្វាន់ភ្លែត» នៅតាមសាខា និងការិយាល័យ ទាំង៨៣ គ្រប់ដណ្តប់២០ខេត្ត-ក្រុង នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះតទៅ។
យុទ្ធនាការដាក់ប្រាក់សន្សំ ជាយុទ្ធនាការថ្មីមួយរបស់ ក្រេឌីត ដែលផ្តល់រង្វាន់ជូនដល់អតិថិជនភ្លាមៗ ពេលដែលអតិថិជនមកដាក់ប្រាក់សន្សំ មានកាលកំណត់ ដោយមិនចាំបាច់មានការផ្សងសំណាង ឬចាប់ឆ្នោតណាមួយឡើយ។ រង្វាន់ទាំងនោះ រួមមាន ឆ្នាំងដាំបាយ ទូទឹកកក កង្ហា ទូរទស្សន៍ ជាពិសេសគឺ ទូរស័ព្ទ Iphone 7Plus ព្រមទាំងរង្វាន់ជាច្រើនទៀត។
លោក ខេង ទីឡែន ប្រធាននាយកប្រតិបត្តិ អាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត បានថ្លែងថា «ការអភិវឌ្ឍសេវាកម្មជូនអតិថិជនដ៏មានតម្លៃ គឺជាកិច្ចការចាំបាច់ដែលក្រេឌីត ត្រូវតែធ្វើជាទៀងទាត់។ យុទ្ធនាការដាក់ ភ្លាមរង្វាន់ភ្លែតនេះ មិនត្រឹមតែមានគោលបំណងលើកទឹកចិត្តអតិថិជន បង្កើនការដាក់ប្រាក់សន្សំ ជាមួយក្រេឌីតប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍បន្ថែម ពីលើការទទួលបានអត្រាការប្រាក់ខ្ពស់ សេវាកម្ម រហ័សទាន់ចិត្ត សុវត្ថិភាព ទំនុកចិត្ត និងត្រលប់ទៅផ្ទះវិញ ជាមួយរង្វាន់អនុស្សាវរីយ៍»។
យុទ្ធនាការ ដាក់ភ្លាមរង្វាន់ភ្លែត ចាប់ផ្តើមនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ឬ រហូតដល់ការផ្តល់ជូនអស់ពីស្តុក។ លក្ខខណ្ឌផ្សេងៗទៀត ត្រូវបានអនុវត្តន៍ ដើម្បីឲ្យដំណើរការ យុទ្ធនាការប្រព្រឹត្ត ទៅដោយរលូននិងជោគជ័យ។
សូមបញ្ជាក់ថា ក្រេឌីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខគេមួយ នៅកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ដោយអង្កការសម្រាលទុក្ខកម្ពុជា។ ដោយទទួលបានការគាំទ្រ និងទំនុកចិត្ត ជាបន្តបន្ទាប់ពីអតិថិជន រួមផ្សំនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៏ជាប្រចាំ ក្រេឌីត បានបើកការិយាល័យរបស់ខ្លួន ទៅដល់ជនបទដាច់ស្រយាល សរុប៨៣ការិយាល័យ ដែលគ្របដណ្តប់ប្រតិបត្តិការ ទៅលើ២០ខេត្តក្រុង។
ភាគទុនមួយភាគធំ របស់ក្រេឌីតគឺ Phillip Capital មកពីប្រទេសសឹង្ហបុរី និង World Relief Corporation មកពីសហរដ្ឋអាមេរិក។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ក្រេឌីត មានទ្រព្យសកម្មចំនួនច្រើនជាង២២១លានដុល្លារ និងមានបុគ្គលិកប្រកប ដោយវិជ្ជាជីវៈចំនួន ១,៦៦២នាក់។
ក្រេឌីត ក៏បានឈ្នះពានរង្វាន់ ដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុល្បីៗជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងទទួលបានការទទួលស្គាល់ ផ្នែកគុណភាពសេវាកម្ម និង ផលិតផលពីសំណាក់ដៃគូនានាផងដែរ។ ក្រេឌីត បានកំនត់ជាគោលការណ៍ស្នូលរបស់ខ្លួន ក្នុងការរួមចូលរួមចំណែកជួយដល់សង្គម ជាពិសេសអ្នកដែលមិនមានឱកាសគ្រប់គ្រាន់ ដើម្បីទទួលបានជីវភាពប្រសើរឡើង។ សាច់ប្រាក់ដែលត្រូវបានកាត់ទុក ជាគោលការណ៍ស្នូលនេះ គឺមានចំនួន៥ ទៅ១០% នៃប្រាក់ចំណេញប្រចាំឆ្នាំនីមួយៗ។
ខាងក្រោមនេះ ជាស្ពត ស្តីពីយុទ្ធនាការ ដាក់ភ្លាមរង្វាន់ភ្លែត៖