(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានជួយឲ្យការបណ្តុះបណ្តាល ភាសាចិន នៅកម្ពុជាទទួលបានជោគជ័យ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងលោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាចិនថ្នាក់បឋម ដល់មន្ត្រីរាជការចំនួន២៥នាក់។
លោកស្រី វុធ សុភ័ក្ត្រណា នាយិកាវិទ្យាស្ថានខុនជឺ បានបញ្ជាក់ថា ថ្នាក់រៀនភាសាចិន នៃក្រសួងទំនាក់ទំនជាមួយរដ្ឋសភា ព្រឹទ្ធសភា ទទួលបានលទ្ធផលល្អ ដោយមានការចូលរួម ខិតខំពីសំណាក់សិក្ខាកាមយ៉ាងយកចិត្តទុកដាក់រួម ទាំងការអនុវត្តទ្រឹស្តីផងដែរ។ កម្ពុជា-ចិន មានទំនាក់ទំនងការទូតល្អជាមួយគ្នា។ វិទ្យាស្ថានខុងជឺ បានចូលរួមយ៉ាងសកម្ម ក្នុងការបង្រៀនភាសាចិនជូនដល់ ប្រជាជនកម្ពុជា ។
លោក ស្យុងប៉ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្និទ្ធ ហើយប្រទេសទាំងបានផ្លាស់ប្តូរបទពិសោធន៍ផ្នែកអភិបាលល្អ តម្លាភាព និងអធិការកិច្ចមាន ប្រសិទ្ធភាពខ្ពស់។ នៅកម្ពុជាមានសាលាភាសាចិន យ៉ាងច្រើន សម្រាប់បង្រៀនកូនចៅខ្មែរ។ កាលពីឆ្នាំមុន មានភ្ញៀវទេសចរជាង១លាននាក់មកកម្ពុជា ដែលទាមទាមឲ្យមានការបង្រៀនភាសាចិន បន្ថែមសម្រាប់ទំនាក់ ទំនងប្រាស្រ័យជាមួយអ្នកទេសចរចិនមកលេងកម្ពុជា។
លោកឯកអគ្គរដ្ឋទូតចិនបន្តថា កម្ពុជា-ចិន មានកិច្ចសហប្រតិបត្តិការលើផ្នែកអធិការកិច្ច ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនលើកិច្ចការអធិការកិច្ចរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលចិន មានអាហារូបករណ៍រាប់រយកន្លែង សម្រាប់ផ្តល់ឲ្យនិស្សិត និងមន្ត្រីរាជការកម្ពុជា ទៅបន្តការសិក្សា និងទៅរៀនភាសាចិន នៅប្រទេសចិនផ្ទាល់។
នៅក្នុងឱកាសប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បឋម លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ក្នុងសករាជថ្មី នៃនិន្នាការពិភពលោក គឺចរន្តពហុប៉ូល ប្រទេសចិនបានក្លាយ ជាមហាអំណាចសេដ្ឋកិច្ចទី២ នៃពិភពលោក។ ហេតុនេះភាសាចិនកាន់តែត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការងារធុរកិច្ច ហើយស្របពេលដែលលោក ស៊ី ជិនពីន ប្រធានាធិបតីចិន បានដាក់ចុះនូវគំនិតផ្ដួចផ្ដើម «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ក្នុងឆ្នាំ២០១៣ ដែលនេះជាគម្រោងមួយដ៏ធំ និងមានសក្ដានុពលដើម្បីជម្រុញ និងបង្កើតផ្លូវពាណិជ្ជកម្មថ្មី ការតភ្ជាប់ និងឱកាសធុរកិច្ចជាមួយប្រទេស ចិនដែលឆ្លងកាត់ប្រទេសជាង៦០ ក្នុងទ្វីបអាស៊ី អឺរ៉ុប បជ្ឈឹមបូព៌ា និងអាហ្វ្រិក។
តាមរយៈប្ដេជ្ញាចិត្តខាងនយោបាយ និងមធ្យោបាយផ្សេងៗ ជាពិសេសមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី គម្រោងដ៏ធំនោះពិតជាទទួលបានជោគជ័យ និងផ្ដល់ប្រយោជន៍ដ៏ធំធេងក្នុងពលេលអនាគត កម្ពុជាគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកស្រី ម៉ែន សំអន សូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជាដែលបានឧបត្ថម្ភ ដល់ការបើកថ្នាក់បង្រៀនភាសាចិន ដើម្បីបណ្ដុះបណ្ដាលបំប៉នភាសាចិន ដល់មន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតាំងពីថ្ងៃ៣១ ខែមិថុនា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះបានបញ្ចប់ ជាស្ថាពរវគ្គបណ្ដុះ បណ្ដាលភាសាចិនថ្នាក់បឋម ហើយរៀបចំពិធីចែកវិញ្ញាបនបត្រយ៉ាងសប្បាយរីករាយនាថ្ងៃនេះ។
ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន សូមស្នើវិទ្យាស្ថានខុងជឺ បន្តបើកថ្នាក់បណ្ដុះបណ្ដាលភាសាចិនឱ្យបានគ្រប់រាជធានី ខេត្ត គ្រប់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល ហើយបង្កើន កម្រិតបណ្ដុះបណ្ដាលឱ្យកាន់តែខ្ពស់ថែមទៀត។ ទន្ទឹមនឹងនេះ ក៏សុំជួយផ្ដល់អាហារូបករណ៍ ឱ្យមន្ត្រីរាជការកម្ពុជាបានទៅសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ការងារ នៅប្រទេសចិនឱ្យបានចំនួនច្រើនថែមទៀត ព្រោះប្រទេសចិនជាប្រទេសមហាអំណាចទាំងនយោបាយ យោធា និងសេដ្ឋកិច្ច ប្រទេសចិនជាបង្អួចមើលទៅកាន់ពិភពលោកទាំងមូល៕