(ភ្នំពេញ)៖ បច្ចុប្បន្ននេះ សមភាពយេនឌ័រ បានក្លាយជាបញ្ហាមួយ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសមួយចំនួនទៀត ព្រោះមក​ពីការថែរក្សា​ទំនៀមទម្លាប់ និងវប្បធម៌តាមបណ្ដាប្រទេសនោះ ជ្រុលនិយមពេកចំពោះស្រ្ដីមានន័យថា ស្រ្ដីមួយចំនួនមិនអាចចេញមកតតាំង ឬធ្វើអ្វីមួយដោយខ្លួន​ឯង បានប្រសិនបើគ្មានបុរសជាដើម។

ដើម្បីលើកម្ពស់ស្រ្ដី, ស្រ្ដីខ្មែរមួយក្រុមបាននាំគ្នាបង្កើតក្លឹបមួយ ដែលមានឈ្មោះថា BE YOUR OWN HER ដែលក្នុងក្លឹបនេះ បានផ្ដោតទៅលើ​បណ្ដុះបណ្ដាលស្រ្ដីឲ្យមានភាពក្លាហានក្នុងសង្គម។

អ្នកស្រី គង់ សូរីតា ម្ចាស់ក្លឹប BE YOUR OWN HER បានថ្លែងឲ្យដឹងថា គោលបំណងដែលនាំឲ្យ​មានការបង្កើតក្លឹបនេះ ដោយសារតែមើល​ឃើញ​ពីភាពលំបាករបស់ស្រ្ដីមួយចំនួន ដែលមិនហ៊ានប្រឈមមុខទៅនឹងសង្គមខ្មែរ បើក្រឡែកមើលភាពជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាឃើញថា មានពលរដ្ឋជាស្ត្រីមួយចំនួន ត្រូវបានរាំរាំងក្នុងការចូលរួមចំណែក ក្នុងសង្គម, នយោបាយ, សេដ្ឋកិច្ច, វប្បធម៌ ជាជាងបុរស។

អ្នកស្រ្ដីបានបន្ដទៀតថា «ក្លឹបនេះបានបង្កើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណង ធំបំផុតគឺការលើកកម្ពស់ភាពជាស្ត្រីលើកទឹកចិត្តឲ្យពួកគាត់មានភាពក្លាហាន ក្នុងការបញ្ចេញសម្លេងរបស់ស្ត្រី និងជាពិសេសស្ថាបនាពួកគេ ឲ្យក្លាយជាអ្នកដឹកនាំស្ត្រីនៅកម្ពុជានាពេលអនាគត។ បន្ថែម លើសពីនេះក្លឹប BE YOUR OWN HERO មានទស្សនៈវិស័យអភិវឌ្ឍ​ ក្មេងស្រីឲ្យក្លាយជា បុគ្គលឆ្នើម ឬអ្នកដឹកនាំអ្វីមួយនាពេលអនាគត»។

សូមបញ្ជាក់ថា ក្លឹប BE YOUR OWN HERO បានរៀបចំសកម្មភាពមួយចំនួន ដើម្បីសម្រេចគោលបំណងរបស់ខ្លួនគឺ៖

១៖ លើកកម្ពស់សក្តានុពល នៃស្រ្តីវ័យក្មេងឲ្យក្លាយជាស្ត្រី មានភាពជាមេដឹកនាំនាពេលអនាគត។
២៖ ក្លឹប BE YOUR OWN HERO បានបង្កើននូវជំនាញទាំងផ្នែកទន់ និងជំនាញផ្នែករឹង ដល់ពួកគេតាមរយៈការចែករំលែក និងរៀនសូត្រពីគ្នារវាងគ្រូ
បង្វឹក និងសមាជិក។
៣៖ ក្លឹប BE YOUR OWN HERO នឹងរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗ ដើម្បីដុសខាត់ភាពខ្សោយ របស់ពួកគេឲ្យក្លាយជាភាពឆ្នើម និងជំរុញពួកគេឲ្យកាន់តែមាន ភាពរីកចម្រើនទ្វេរឡើង។

ក្លឹបនេះត្រូវបានបង្កើតឡើង ដោយអ្នកស្រី គង់ សូរីតា សហគ្រិនវ័យក្មេង និងគ្រប់គ្រងក្រុមហ៊ុនជាច្រើននាពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះ អ្នកស្រីជាស្រ្តីម្នាក់មានឥទ្ធិពលបំផុតក្នុងការធ្វើជាគំរូ ដល់ស្រី្តវ័យក្មេងជំនាន់ក្រោយៗ ព្រោះអ្នកស្រីមានបទពិសោធន៍ ក្នុងការងារសង្គមជាច្រើន។

បន្ទាប់បញ្ចប់វគ្គសិក្សា ក្នុងក្លឹប BE YOUR OWN HERO សិស្សស្រីម្នាក់បានឲ្យដឹងថា «ពីមុខនាងខ្ញុំជាមនុស្សម្នាក់ដែលខ្លាច ក្នុងការសម្រេចចិត្តមិនដែលមានការ សម្រេចចិត្តខ្លួនឯងទេ ព្រោះខ្លាចនឹងការប្រឈមមុខនៅនឹងការពិត និងភាពបរាជ័យ។ ជាក់ស្តែងបន្ទាប់ពីបានសិក្សា និងទទួលបានការបង្ហាត់បង្ហាញពីគ្រូបង្វឹក មកធ្វើឲ្យខ្ញុំមានភាពជឿជាក់ ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ដោយមិនខ្លាចរអារដូចមុនឡើយ»។

និស្សិតស្រីរូបនោះបញ្ជាក់ទៀតថា ក្លឹបសិក្សានេះល្អបំផុតសម្រាប់យុវតីវ័យក្មេងៗ ដែលចង់ពង្រឹងភាពខ្សោយ របស់ខ្លួនឲ្យក្លាយ ជាភាពខ្លាំងដើម្បីអភិវឌ្ឍនូវសមត្ថភាពក្នុងការដឹកនាំខ្លួនឯង និងអ្នកដទៃឈានទៅរកភាពជោគជ័យសម្រាប់ជីវិត៕

សូមចុចត្រង់នេះដើម្បីចុះឈ្មោះ