(ភ្នំពេញ)៖ នៅម៉ោង០៣៖១៥នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បណ្តាលឲ្យឆេះផ្ទះ ប្រជាពលរដ្ឋចំនួន៥៩ខ្នងផ្ទះ ស្មើនឹងចំនួនគ្រួសារ៦៦គ្រួសារ។ នេះបើយោងតាមរបាយការណ៍របស់ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ នេត វត្ថា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ។
បើតាមនាយកដ្ឋាន បានបញ្ជាក់ថា អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ផ្តើមចេញចេញពីផ្ទះរបស់ឈ្មោះ ស៊ីន យិន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប មានប្រពន្ធឈ្មោះ រ៉ា វី អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុ ទើបបណ្ដាលឲ្យរីករាលដាលឆេះយ៉ាងសន្ធោសន្ធៅ ជាបន្តបន្ទាប់ទៅលើផ្ទះប្រជាពលរដ្ឋទាំងតូចធំ រហូតដល់ទៅ៥៩ខ្នង ស្មើនឹងចំនួន៦៦គ្រួសារ។
នៅក្នុងប្រត្តិបត្តិការជួយនេះ សមត្ថកិច្ចពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២២គ្រឿង រថយន្តរបស់សាលាខណ្ឌជ្រោយចង្វារចំនួន០៦គ្រឿង រថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំនួន១គ្រឿង រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង និងម៉ារិនចរាចរណ៍ផ្លូវទឹកចំនួន២គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន១២៩ជើង។
យ៉ាងណាក៏ដោយ ហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ហើយចំពោះទំហំនៃការខូចខាត សរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិកឯណោះ៕