(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃទិវាចងចាំនៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃនេះជាផ្លូវការជារៀងរាល់ឆ្នាំ។
ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ៕
រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមគ្នាជាមួយពិធីអបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នៅពហកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ នេះបើតាមការឲ្យដឹងពីលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ពីធីអបអរសាទរនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រៅពីនេះក៏មានការចូលរួមពីមន្ត្រីទូត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនប្រមាណ ៩ពាន់នាក់ផងដែរ។
លោក គឹម សេដារ៉ា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ខាងមុខ នៅបរិវេណប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នឹងមានប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនឹងមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ ១,៥០០នាក់។
អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក លោក ផាន់ ណាឌី បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៥ ខែកក្កដាដូចគ្នា នៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំឯណោះ ក៏មានរៀបចំពិធីអបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ដោយនឹងមានការចូលរួមពីលោកអភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ អមជាមួយសិល្បៈ តន្ត្រីផ្សេងៗរបស់ប្រជាពលរដ្ឋនៅទីនោះ៕