(ត្បូងឃ្មុំ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ២០១៨នេះ បានដឹកនាំថ្នាក់ដឹកនាំសមាជិក សមាជិកា គណៈចលនារបស់ខ្លួនឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីជួបសំណេះសំណាល និងឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពីសហគមន៍ខ្មែរឥស្លាមដល់មូលដ្ឋាន និយាយរួមគឺតាមឃុំនីមួយៗទូទាំងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
យុទ្ធនាការនេះ បានចាប់ផ្តើមសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរឥស្លាម ជាពិសេសសកម្មជនគណបក្សទូទាំងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដែលបានជួបសំណេះសំណាលនឹងមហាជនប្រមាណជាង ៩០០នាក់។
តាមការបញ្ជាក់ពី លោកប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ក្នុងយុទ្ធនាការឃោសនាដែលនៅសល់១៩ថ្ងៃទៀតនេះ គណៈចលនានឹងអញ្ជើញជួបសំណេះសំណាល ជាមួយសាសនិកឥស្លាមទូទាំងប្រទេសទាំង២៥រាជធានី-ខេត្ត ដែលគ្រោងនឹងជួបជុំនៅ១១០កន្លែង ដែលមានចំនួន៧៩ឃុំ-សង្កាត់ និង៥៥ក្រុងស្រុកខណ្ឌ។
លោក អូស្មាន ហាស្សាន់ បានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗទាំង១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨-២០២៣ ក៏ដូចជាការរំលឹកអំពីអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តល់ និងដោះស្រាយជូនសហគមន៍ខ្មែរឥស្លាម និងសហគមន៍ជាតិទាំងមូល៕