(ភ្នំពេញ)៖ បន្ទាប់មានសេចក្តីរាយការណ៍ថាប្រជាពលរដ្ឋជិះដួលជាញឹកញាប់នៅតាមផ្លូវដែកចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឲ្យក្រុមការងារផ្លូវដែកទាំងខាងក្រសួង និងខាងក្រុមហ៊ុន Royal Railway ចុះទៅពិនិត្យនៅតាមផ្លូវដែកនេះភ្លាមនៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

បន្ទាប់ពីការចុះទៅពិនិត្យក្រុមការងារផ្លូវដែក បានរកឃើញថា មានប្រេងហៀរប្រឡាក់ និងមានខ្សាច់ចូលនៅតាមប្រឡោះផ្លូវដែកនោះ ជាហេតុនាំឲ្យអ្នកដំណើរជិះរអិលដួលបែបនេះ។ បើតាមក្រុមការងារបានគូសបញ្ជាក់ថា ប្រេងនេះមិនមែនហៀរចេញពីរថភ្លើងនោះឡើយ តែក៏មិនដឹងថាហៀរពីណានោះឡើយ។ ដោយឡែកខ្សាច់វិញ គឺបានហៀរធ្លាក់ពីរថយន្តដឹកខ្សាច់ ក៏ដូចជាការដ្ឋានសំណង់ដែលនៅក្បែរៗនោះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាឲ្យក្រុមការងារលាងសំអាតផ្លូវដែកនេះទាំងយប់ ដើម្បីបញ្ចៀសគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងសុំការយោគយល់ខ្ពស់ពីបងប្អូនប្រជាពលរដ្ឋចំពោះបញ្ហានេះ ហើយក៏នឹងប្រឹងប្រែងរកដំណោះស្រាយធ្វើយ៉ាងណាឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវដែកបានល្អប្រសើរ និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

សូមបញ្ជាក់ថា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍របស់ភ្ញៀវដែលត្រូវធ្វើដំណើរឡើងយន្តហោះនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង សាងសង់ផ្លូវដែក (tramway) ចូលទៅកាន់ព្រលាន។

ផ្លូវដែកសម្រាប់ដឹកអ្នកឡើងយន្តហោះនេះ ត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ។ ការដាក់ឲ្យដំណើរការផ្លូវដែកនេះ ទទួលបានការគាំទ្រច្រើនពីអ្នកដែលត្រូវឡើងយន្តហោះ ព្រោះបានសម្រួលការធ្វើដំណើររបស់ពួកគេ ហើយក៏មិនជួបបញ្ហាខកជើងហោះហើរដោយសារតែស្ទះចរាចរណ៍ទៀតនោះដែរ។

បើទោះបីជាយ៉ាងណា ការដាក់ឲ្យដំណើរការផ្លូវដែក Tramway ប្រវែងសរុប ៩,៦១៤៣គីឡូម៉ែត្រ ជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញនេះ ក៏នៅមានបញ្ហាប៉ះពាល់មួយចំនួនចំពោះការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ប៉ុន្តែខាងក្រសួង ក៏ដូចជាក្រុមហ៊ុនកំពុងប្រឹងប្រែងកែលំអរដើម្បីកាត់បន្ថយផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ផ្លូវដែកប្រភេទ Tramway ដែលធ្វើនៅតាមផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋបែបនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ នៅតាមបណ្តាប្រទេសជឿនលឿននៅលើពិភពលោក ក៏មានប្រើប្រាស់ផ្លូវដែកបែបនេះ ដើម្បីដឹកអ្នកដំណើរផងដែរ៕