(ភ្នំពេញ)៖ គួរឲ្យអាសូរណាស់ គ្រូបង្រៀននៅវិទ្យាល័យ ជា ស៉ីម បឹងកេងកងម្នាក់ ត្រូវខ្សែកភ្លើងឆក់ស្លាប់ ដោយសារតខ្សែភ្លើងខុសបច្ចេកទេសបណ្តាលឲ្យស្លាប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចផ្ទះលេខA៦ ផ្លូវខាងសារិន ក្រុម៧ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ គ្រូបង្រៀននៅវិទ្យាល័យ ជា ស៉ីម បឹងកេងកង ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានមករៀបចំប្រព័ន្ធទឹក នៅផ្ទះជួលមួយកន្លែង ដែលស្ថិតនៅចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះបានដាក់ម៉ូទ័របូមទឹកបន្ថែម ឡើងទៅជាន់ទី១ និងជាន់ទី២។ ពេលដែលជនរងគ្រោះតខ្សែភ្លើង ក៏បានខុសបច្ចេកទេស បណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ប្រាប់មកសមត្ថកិច្ចមូលដ្ឋាន។ នៅពេលសមត្ថកិច្ចចុះមកដល់កន្លែង ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។ ភ្លាមៗនោះ សមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ នៃការិយាល័យបច្ចេកទេសវិទ្យសាស្រ្ត និងគ្រូពេទ្យតុលាការ មកពិនិត្យលើសាកសពជនរងគ្រោះខាងលើ ដោយបានបញ្ជាក់ថា ជនរងគ្រោះខាងលើពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុ និងប្រគល់សាកសពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕