(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ សហការណ៍ជាមួយ កម្លាំងនគរបាលស្រុកសំរោងទង បានចុះបង្ក្រាបទីតាំងភ្នាល់ល្បែងស៊ីងសងជល់មាន់ តាមទូរទស្សន៍បរទេសមួយកន្លែង ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីបង្ក្រាបទីតាំងភ្នាល់ល្បែងខាងលើ បានឃាត់ខ្លួនមនុស្ស ១៩នាក់ និងម៉ូតូចំនួន ២៥គ្រឿង ដែលកំពុងលេងភ្នាល់ ក្នុងហាងរបស់ឈ្មោះ ជា ដែលជាម្ចាស់ទីតាំងខាងលើ។
លោកស្នងការ បានឲ្យដឹងថែមទៀតថា មនុស្សដែលឃាត់ខ្លួនទាំង ១៩នាក់ មានមនុស្សមួយចំនួនចាស់ៗ និងមានសុខភាពខ្សោយ ដែលករណីនេះ លោកស្នងការបានអញ្ជើញមន្ទីរសុខាភិបាលតាមដាន និងពិនិត្យជំងឺ ជូនពួកគាត់ស្ថិតក្នុងនិតិវិធី ឃាត់ខ្លួន៤៨ម៉ោង ដើម្បីកុំឲ្យប៉ះពាល់សុខភាព។
លោកស្នងការបញ្ជាក់ថា បើទោះបីជាពួកគាត់ចាស់ ឬឈឺយ៉ាងណា តែនេះជាករណីបើកលេងល្បែងភ្នាល់ស៉ីសងខុសច្បាប់ មិនអាចលើកលែងបាននោះទេ យ៉ាងហោចណាស់ក៏ត្រូវមានទោស និងធ្វើកិច្ចសន្យាអប់រំផងដែរ៕