(ភ្នំពេញ)៖ ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតម្ជុល នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបំផ្លាញទ្រព្យសម្បត្តិខ្ទេចទាំងស្រុង ដោយសមត្ថកិច្ចបាន ប្រើរថយន្តពន្លត់អគ្គិភ័យអស់ ៤១គ្រឿង និងឡានទឹកអស់ ៤៦ឡាន។ នេះបើយោងតាមរបាយការណ៍ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

របាយការណ៍នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតម្ជុល នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបំផ្លាញទ្រព្យសម្បត្តិខ្ទេចទាំងស្រុង ដោយសមត្ថកិច្ចបាន ប្រើរថយន្តពន្លត់អគ្គិភ័យអស់ ៤១គ្រឿង និងទឹកអស់ ៤៦ឡាននោះ មានរថយន្តការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៣០ឡាន។

ក្រៅពីរថយន្តការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះក៏មាន រថយន្តពន្លត់អគ្គិភ័យ ដែលជាជំនួយរបស់ក្រសួងមហាផ្ទៃចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន, រថយន្តតម្រួតបទបញ្ជាចំនួន ២គ្រឿង, រថយន្តកងពលតូចលេខ៧០ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន, រថយន្តទ័ពពិសេសឆត្រយោង៩១១ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន, រថយន្តទីក្រុងកោះពេជ្រចំនួន ២គ្រឿង, រថយន្តជ្រោយចង្វារចំនួន ៤គ្រឿង, និងរថយន្តតំបន់សេដ្ឋកិច្ចពិសេសចំនួន ២គ្រឿង ប្រើទឹកអស់ ១ឡាន ផងដែរ។

សូមបញ្ជាក់ថា នៅម៉ោង ២៖២០នាទីរសៀលថ្ងៃនេះ មានករណីអគ្គីភ័យមួយកន្លែង បានកើតឡើងនៅរោចក្រផលិតម្ជុលឈ្មោះ មិកូដុ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រនេះ​ជាប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ ៤៥ម៉ែត្រគុណនឹង៦៩ម៉ែត្រ មានម្ចាស់ឈ្មោះ គីម សុវណ្ណភូមិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អ្នកចាត់ការទូទៅ និងពាណិជ្ជកម្មអន្តរជាតិ (តំណាងរោងចក្រ)។

មូលហេតុ នៃការឆេះនេះ ត្រូវបានសមត្ថកិច្ចកំណត់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលបណ្តាលឲ្យខូចខាតឆេះរោងចក្រអស់ ៣០ភាគរយ រួមទាំងសម្ភារៈមួយចំនួន រួមមាន ម៉ាស៊ីនដោតម្ចុលចំនួន ១០គ្រឿង, ម៉ាស៊ីនជ្រលក់ពណ៌ចំនួន ៣គ្រឿង, ម៉ាស៊ីនរែងម្ចុលចំនួន ១គ្រឿង, ម៉ាស៊ីនសម្ងួតម្ចុលចំនួន ៣គ្រឿង, ឆេះផលិតផលសម្រេចអស់ ១០០ភាគរយ។

ករណីគ្រោះអគ្គិភ័យនេះ ពុំបណ្តាលឲ្យឆេះរាលដាល ដល់រោងចក្រដែលនៅក្បែរខាង និងមិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង ៤៖០០នាទីល្ងាច នាថ្ងៃដដែល៕