(ត្បូងឃ្មុំ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម របសគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សហគមន៍ខ្មែរឥស្លាមអ្នកឃុំទ្រា ស្រុកក្រូចឆ្មារ ប្តេជ្ញានឹងបន្តដណ្តើមជ័យលាភីជូនគណបក្សប្រជាជនកម្ពុជានៅអាណត្តិទី៦នេះបន្តទៀត  ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍបន្តទៅមុខទៀត។

លោកបញ្ជាក់ដូចនេះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំពោះមុខសហគមន៍ខ្មែរឥស្លាម រួមមានសកម្មជនបក្ស សមាជិក និងមហាជន ទូទាំងឃុំជាង៧០០នាក់ បានជួបជុំគ្នានៅបរិវេណព្រះវិហារភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមស្តាប់មតិសំណេះសំណាល និងការផ្សព្វផ្សាយគោលនយោបាយបក្សពីថ្នាក់ដឹកនាំគណ
បក្សប្រជាជនកម្ពុជា។

លោក អូស្មាន ហាស្សាន់ រួមទាំងតំណាងសហគមន៍អ្នកឃុំទ្រាទាំងអស់ បានប្តេជ្ញាត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដណ្តើមជ័យលាភីជូនគណបក្សកាន់អំណាចសព្វថ្ងៃ នៅតែបន្តដំណែងជាគណបក្សបក្សជាប់ឆ្នោត និងដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រីបន្តទៅមុខទៀតគ្រប់ៗអាណត្តិ៕