(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពាជាតិ និងជាប្រធានក្រុមការងារយេនឌ័រ បានចុះផ្សព្វផ្សាយអនុសាសន៍ចំនួន១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់មន្រ្តីជានារី នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក កៀនឃ្លាំង។
ពិធីនេះ ក៏មានការចូលរួមពីឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ព្រមទាំងមានការចូមរួមពីកងកម្លាំងនៃក្រសួងការពារជាតិជាស្ត្រីជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា អនុសាសន៍១១ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្រ្ជាបយែនឌ័រឆ្នាំ២០១៦ ២០២០ មានដូចជា៖
១៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែលដី នឹងសង្គមស៊ីវិល បន្តផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងឯកសារពាក់ព័ន្ធតាមព្រះរាជានុសាសន៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងបន្តចុះតាមដាន និងអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានា ដើម្បីលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល។ គ្រប់ក្រសួងស្ថាប័នត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
២៖ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ត្រូវបន្តចុះសិក្សាស្វែងយល់អំពី ឧបសគ្គរារាំងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ត្រី ដែលមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបន្តសិក្សាស្វែងយល់អំពីគោលការណ៍សំខាន់ៗ ដែលចាំបាច់សម្រាប់ការពង្រីកសមត្ថភាពរបស់ស្ត្រី។
៣៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ក្រសួងមហាផ្ទៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកិច្ចនារី និងក្រសួងមុខងារសារធារណៈ ត្រូវបង្កើតកិច្ចសហការក្នុងការបន្តអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ ទាក់ទងនឹងផ្នែកមគ្គុទេសន៍ភាព ច្បាប់ និងបទ
បញ្ញត្តិនានា និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់ថ្នាក់ដឹកនាំនារី ដើម្បីជួយឱ្យពួកគេអាចបំពេញតួនាទី និងភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនឱ្យកាន់តែប្រសើរឡើង ព្រមទាំងរៀបចំវគ្គពិសេសសម្រាប់ស្ត្រី និងស្ត្រីវ័យក្មេង ហើយវាយតម្លៃលទ្ធផល ឱ្យបានជាក់លាក់។
៤៖ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ត្រូវបន្តស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងផលិតកម្មរបស់ស្ត្រីនៅជនបទក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចគ្រួសារដោយត្រូវយកមាត្រាទី១៤ នៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) មកធ្វើជាគោលដើម្បីពិនិត្យ និងតាមដាន។
៥៖ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៍ ត្រូវបន្តពង្រីកកិច្ចសហការល្អ រវាងមន្រ្តីនគរបាល និងតុលាការក្នុងការអនុវត្តច្បាប់ឱ្យបានល្អត្រឹមត្រូវ ទៅតាមសមត្ថកិច្ច និងតួនាទី ដែលបានកំណត់ក្នុងនិតិវិធីច្បាប់ជាធរមាន ដើម្បីធានាបានការស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ ហើយត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស
និង អំពើអាជីវកម្មផ្លូវភេទ ព្រមទាំងបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ស្ត្រី និងកុមារ ដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ ដើមធានានូវភាពយុត្តិធម៌ និងពន្លឿនការដោះស្រាយរឿងក្តីឱ្យបានឆាប់រហ័ស ជាពិសេសសំណុំរឿងក្តីដែលពាក់ព័ន្ធនឹងស្ត្រី។ ដោយឡែកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ត្រូវបន្តខិតខំជួយសម្របសម្រួល ក្នុងការស្វែករកសេវាផ្លូវច្បាប់ និងសេវាផ្សេងៗទៀត សម្រាប់ផ្តល់ជូនដល់ស្ត្រីក្រីក្រ រងគ្រោះដល់អំពើហឹង្សាទាំងក្នុងករណីមានបណ្តឹង និងទាំងក្នុងករណីមិនមានបណ្តឹង ។
៦៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តគ្រប់គ្រងឱ្យបានម៉ត់ចត់ ចំពោះក្រុមហ៊ុនដែលបញ្ជូនពលករ ពលការិនីទៅធ្វើការក្រៅប្រទេស ដោយត្រូវសហការឱ្យបានល្អជាមួយក្រសួងពាក់ព័ន្ធ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង និងអំពើជួយដូរមនុស្ស ជាពិសេស ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ
ជាតិ អ្នកតំណាងពីក្រោប្រទេស ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែលដី ក្នុងការការពារសិទ្ធ និងផលប្រយោជន៍របស់ពលករ ពលការិនីព្រមទាំងពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ក្នុងគោលដៅបង្កើនសុវត្តិភាពសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុក ស្វែករកការងារធ្វើនៅក្រៅប្រទេស។
៧៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តរៀបចំ និងបង្កើនគម្រោងកម្មវិធី ដើម្បីជួយអភិវឌ្ឍជនពិការ ជាពិសេស ស្ត្រី និងកុមារ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកម្ពុជា និងយកចិត្តទុកដាក់លើការទទួលថែទាំ ជនរងគ្រោះដោយអំពើហឹង្សា និងអំពើជួញដូរមនុស្ស ជាពិសេស កុមារា និងកុមារីក្នុងមណ្ឌល និងក្នុងសហគមន៍ ដោយសហការជិតស្និទ្ធជាមួយអង្គការមនុស្សធម៍ ដែលមានឆន្ទៈ មានលទ្ធភាព និងតាមដានជាប្រចាំ។
៨៖ ដើម្បីរក្សានូវវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសារ រូបភាព និងការសម្តែងនូវកម្មវិធីផ្សេងៗ ដែលបានផ្សព្វផ្សាយតាមរយៈ ទូរទស្សន៍ និងវេទិការផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធត្រូវ
ត្រួតពិនិត្យឱ្យបានម៉ត់ចត់ និងមានវិធាការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះខ្លឹមសារនិងរូបភាព ដែលបាននឹងកំពុងចាក់បញ្ជាំងតាមទូរទស្សន៍ ហើយមានលក្ខណៈរើសអើងចំពោះស្ត្រី បន្ទាបបន្ថោកប្រពៃណី វប្បធម៍ និងតម្លៃស្ត្រីខ្មែរ ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវរៀបចំគណៈកម្មការចម្រុះអន្តរក្រសួង ដោយចាត់វិធានការក្នុងការទប់ស្កាត់ ផ្សព្វផ្សាយរូបភាពអាសអាភាស តាមរយៈបច្ចេកវិទ្យា។ ក្រសួងធម្មការ និងសាសនា ត្រូវបន្តសកម្មភាពអប់រំឱ្យបានទូលំទូលាយទូទាំងប្រទេសតាមរយៈ« នាទីព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងសង្គម»។
៩៖ ក. គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីត្រូវ៖
- បន្តយកចិត្តទូកដាក់ ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីបន្ថែមទៀត និងការតែងតាំងមុខតំណែង ឱ្យមានតំណាងស្ត្រីនៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី មធ្យោយបាយ ថវិកា និងផ្តល់ឱកាសឱ្យមានសំឡេងស្ត្រី ចូករមយោបល់ក្នុង ការសម្រេចតែងតាំង។
- ពិនិត្យការតែតាំងមន្ត្រីរាជការជាស្ត្រី ដែលមានសមត្ថភាពជំនួសមន្ត្រីជាស្ត្រីចូលនិវត្តន៍ ដែលរួមចំណែករក្សាបាននូវកំណើនចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេច
- បង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិលជាស្ត្រី តាមរយៈវគ្គបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស
- យកចិត្តទុកដាក់ជ្រើសរើសមន្ត្រីរាជការស៊ីវិលជាស្ត្រី សម្រាប់បន្តវេនលើគ្រប់វិស័យ ជាពិសេសនៅថ្នាក់ក្រោមជាតិ
- យកចិត្តទុកដាក់ចំពោះមន្ត្រីរាជការស៊ីវិល ជាស្ត្រីមុនពេលចូលនិវត្តន៍ ដោយដំឡើងឋានន្តរស័ក្តិ និងថ្នាក់ក្នុងប្រភេទក្របខ័ណ្ឌរបស់ខ្លួន តាមអតីតភាពការងារ ឱ្យស្របតាមគោលការ។
ខ. ស្ថាប័នតុលាការ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ គួរបន្តការខិតខំបង្កើនចំនួនក្រឡាបញ្ចី មេធាវី ចៅក្រម និងនិស្សិតជាស្ត្រី ដើម្បីរួមចំណែកផ្តល់សេវាយុត្តិធម៍ ប្រកបដោយសមធម៍ និងប្រសិទ្ធភាពចំពោះករណីមានអំពើហឹង្សាលើស្ត្រី និងកុមារ។
១០៖ ក្រសួងអប់រំយុវជន និងកីឡា ត្រូវបន្តពិនិត្យស្រាវជ្រាវ ស្ថានភាព និស្សិតជានារី ទាំងការលំបាក និងការងាយស្រួល ទាំងក្នុងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា និងទាំងក្នុងគ្រឹះស្ថានឯកជន ដោយត្រូវធ្វើរបាយការដោយឡែក ដើម្បីមានវិធានការដោះស្រាយ។
១១៖ ក្នុងការអនុវត្តន៍គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គ្រប់ក្រសួងស្ថាប័នទាំងអស់ គប្បីយកចិត្តទុកដាក់ ជំរុញ និងលើកកម្ពស់តួនាទីក្នុង ការចូលរួម របស់ស្ត្រីនៅគ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថា ស្រ្តីត្រូវទទួលបានផលប្រយោជន៍ ពីការផ្តល់សេវាសង្គម សេវាសេដ្ឋកិច្ច សេវារដ្ឋបាល និងសេវាសាធារណៈ ប្រកបដោយសមធម៌ ព្រមទាំងជំរុញ និងលើកកម្ពស់តួនាទីក្នុងការចូលរួម និងការទទួលបានសុវត្តិភាពពីការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដែលមានក្រសួងមហាផ្ទៃ ជាស្នូលក្នុងការដឹកនាំ និងសម្របសម្រួល៕