(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំមួយជាមួយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១២ ដើម្បីដាក់ចេញជាវិធានការ ថ្មីៗទៀត លើការពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឺការពង្រឹងលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបាននឹងកំពុងប្រព្រឹត្តទៅនេះ នាប៉ុន្មានថ្ងៃនេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបើកកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសកិច្ចការពារសន្តិសុខ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពោលក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ហើយកិច្ចការងារនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងធ្វើឲ្យបានល្អថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

លោកបន្តថា ការទទូលបាននូវភាពល្អប្រសើរនេះ វាមិនមែនបានមកដោយស្រួលៗនោះទេ គឺពិតជាបានមកពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់រួមគ្នាធ្វើ ទាំងថ្ងៃទាំងយប់។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរាជធានី ក៏នូវបានណែនាំឲ្យអាជ្ញាធរទាំង១២ខណ្ឌ កម្លាំងមានសមត្ថកិច្ចទាំង២ភេទ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសការពារ និងទប់ស្តាត់ឲ្យបាននូវអំពើលួច ឆក់ប្លន់ គាស់ផ្ទះជាដើម។

សម្រាប់អាជ្ញាធរទាំង១២ខណ្ឌ ត្រូវបង្កើតក្រុមការងារមួយ ដោយចែកចេញជាវេណប្រចាំការទាំងយប់ និងថ្ងៃបន្ថែមលើការងារដែលមានស្រាប់ ហើយបើមានបញ្ហាអ្វី ឬគ្មានបញ្ហាអ្វីក៏ដោយ ត្រូវរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ រាល់ម៉ោង៤ល្ងាចរាល់ថ្ងៃ ពោលគឺក្រុមការងារនេះ ត្រូវអនុវត្តការងាររហូតដល់ការបោះឆ្នោតបានបញ្ចប់ជាស្ថាពរ។

ជាមួយគ្នានេះ លោកអភិបាល បានណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១២ ត្រូវធ្វើសេចក្តីរាយការមកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅម៉ោង៤រសៀលជារៀងរាល់ថ្ងៃ។ ក្នុងនោះលោកបានលើកទឹកចិត្តដល់កម្លាំងទាំងនគរបាល និងកងរាជអាវុធហត្ថ ក៏ដូចជាអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អថែមទៀត ដោយមិនត្រូវភ្លេចខ្លួនឡើយ ទាំងក្នុងយុទ្ធនាការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតដោយអាជ្ញាធរខណ្ឌទាំង១២ ត្រូវដាក់វេណប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។

សូមបញ្ជាក់ថា ពេលនេះដំណើរការ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត កំពុងតែដំណើរការដែលមានគណបក្សនយោបាយចំនួន២០ ដែលបានចុះបញ្ជីផ្លូវការនៅ គ.ជ.ប ដែលយុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល២១ថ្ងៃ៕