(កំពង់ចាម) ៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានប្រាប់បងប្អូនប្រជាជនថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ជាជម្រើសដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ពីព្រោះគណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព បានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន និងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន និងប្រទេសជាតិ។

«បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតដើម្បីថែរក្សាសុខសន្តិភាព ធានានិរន្តរភាពនៃការអភិវឌ្ឍ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ក៏ដូចជាការបោះឆ្នោតជូនខ្លួនឯង គណបក្សប្រជាជន​កម្ពុជា​ជារបស់ប្រជាជន​ ដោយសារប្រជាជន​ និងដើម្បីប្រជាជន​ ដូច្នេះគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនជាអ្នកឈ្នះឆ្នោត»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ការអះអាងរបស់លោកប្រធាន បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោតពីប្រជាពលរដ្ឋ នៅក្នុងឃុំបារាយណ៍ ឃុំស្រង៉ែ និងឃុំសំរោង នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជិត ២០០០នាក់។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានបកស្រាយជូនប្រជាពលរដ្ឋអំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ ១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។ គោលនយោបាយទាំងអស់នេះ គឺជាទិសដៅផែនការសកម្មភាពចំពោះមុខ ដែលគណបក្សត្រូវអនុវត្តន៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅត្រើយសុភមង្គល និងការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមគ្នានេះ លោកប្រធាន ប៉ាន សូរស័ក្តិ បានឡើងថ្លែងនូវសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលផ្តោតសំខាន់លើស្នាដៃដឹកនាំ និងសមិទ្ធផលធំៗរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកា ដែលកន្លងមក បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕