(ឧត្តរមានជ័យ)៖ លោក គន់ គីម បេក្ខជនតំណាងរាស្ត្រ និងជាគណៈពង្រឹងការងារក្នុងខេត្តឧត្តរមានជ័យមកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅលើទឹកដីត្រពាំងប្រាសាទ ដែលជាដែនដីអតីតសរមភូមិសង្គ្រាមដ៏ស្រួចស្រាវរបស់កម្ពុជានោះ លោក គន់ គីម បានរំលឹកពីតម្លៃនៃសុខសន្តិភាព និងគុណតម្លៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការនាំមកនូវសុខសន្តិភាព។
«នៅក្នុងស្រុកត្រពាំងប្រាសាទយើងនេះក្រោយពីបងប្អូនបានធ្វើសមាហរណកម្មតាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន យើងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាមកើតឡើងព្រោងព្រាតដែលមិនធ្លាប់មានពីមុនមក។ សមិទ្ធិផលទាំងអស់នេះកើតឡើងដោយស្នាដៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»។ លោក គន់ គីម បានគូសបញ្ជាក់ក្នុងពេលដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក៏ដូចជាពេលចុះពន្យល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ។
លោក គន់ គីម បានបន្តថា ការគូសសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងសម្រាប់ជោគវាសនាប្រទេសជាតិ។ ក្នុងន័យនេះលោកស្នើឲ្យប្រជាពលរដ្ឋគិតគូរពិចារណាឲ្យបានល្អិតល្អន់បំផុតមុននឹងគូសសន្លឹកឆ្នោតមួយសន្លឹក។
លោក គន់ គីម បានលើកឡើងយ៉ាងដូច្នេះ «ការសម្រេចចិត្តត្រឹមត្រូវក្នុងការបោះឆ្នោតដោយជ្រើសរើសគណបក្សប្រជាជន និងនាំមកនូវឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងកិត្យានុភាពដ៏ខ្ពស់ត្រដែតរបស់កម្ពជានៅលើឆាកអន្តរជាតិ និងទទួលបានការអភិវឌ្ឍជាបន្តទៅទៀត បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ»។
ក្នុងយុទ្ធនាការនៅថ្ងៃនេះ លោក គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋនៅត្រពាំងប្រាសាទបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ជាបន្តទៀត ហើយ កុំជឿការឃោសនារបស់ពួកប្រឆាំងដែលព្យាយាមរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ហើយត្រូវជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕