(កំពត)៖ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការប្រារព្ធព្រះរាជពិធី «រុក្ខទិវា» ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជា ក្នុងការជំរុញទឹកចិត្តរួមគ្នាដាំដើមឈើ រួមថែរក្សា និងបញ្ឈប់ការកាប់បំផ្លាញព្រៃជាដើម។
ការលើកឡើងបែបនេះ របស់លោក វេង សាខុន ធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួមក្នុងព្រះរាជពិធី «រុក្ខទិវា» នៅភូមិព្រែកអំពិល ឃុំកោះតូចស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ព្រះរាជពិធី «រុក្ខទិវា» រៀបចំឡើងក្រោមព្រះរាជាធិបតី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងថា ការប្រារព្ធពិធីរុក្ខទិវានេះ ពិតជាមានអត្ថន័យសំខាន់ណាស់ ចំពោះប្រទេសជាតិ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ ជាអាទិភាពក្នុងក្របខ័ណ្ឌ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល លើការថែរក្សាការពារព្រៃឈើ ការដាំដើមឈើឡើងវិញ ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការ
ផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងពីពហុប្រយោជន៍នៃព្រៃឈើ ហើយគោលនយោបាយនេះ ត្រូវបានព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងសកម្ម និងសស្រាក់សស្រាំបំផុត។
លោក វេង សាខុន បានបន្ថែមទៀតថា គិតចាប់ពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០១៧ ព្រះរាជពិធីរុក្ខទិវានេះ រៀបចំឡើងតាមបណ្ដារាជធានី-ខេត្ត ចំនួន១៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ឆ្នាំង, ពោធិ៍សាត់, កំពង់ធំ, សៀមរាប, តាកែវ, កំពត, ព្រៃវែង, ស្វាយរៀង, កំពង់ចាម, ព្រះសីហនុ, មណ្ឌលគិរី, និងព្រះវិហារ និងទទួលបានផលល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាវិជ្ជមាន លើការបង្កើនធនធាន និងគម្របព្រៃឈើ។
លោកបានថ្លែងបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៧ រដ្ឋបាលព្រៃឈើ ជាអង្គភាពជំនាញ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ អនុវត្តលើសកម្មភាពជាច្រើន ដោយសម្រេចបាននូវសមិទ្ធផល គួរឲ្យកត់សម្គាល់។ លើសពីនេះ រដ្ឋបាលព្រៃឈើក៏បានបណ្តុះកូនឈើគ្រប់ប្រភេទមានចំនួនជាង១,៣លានដើម ចែកជូនប្រជាពលរដ្ឋ សម្រាប់ដាំតាមទីសាធារណៈចំនួន៨៧ម៉ឺនដើម បង្កើតស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបានចំនួន ៥៣កន្លែង លើផ្ទៃដី៦១៨,៥០៨ហិកតា ដើម្បីផលិតធនធានឈើផ្គត់ផ្គង់ការប្រើប្រាស់ ដែលអាចជួយកាត់បន្ថយសម្ពាធ នៃការដកហូតឈើពីព្រៃធម្មជាតិ។
លោកបានបន្ថែមទៀតថា ក្រៅពីនេះរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់, ព្រះរាជអាជ្ញាអមសាលាដំបូង អាជ្ញាធរខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើ គ្រប់ប្រភេទនៅទូទាំងប្រទេស ពិសេសកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ភូមិភាគឦសាននៃកម្ពុជា ព្រមទាំងបានអនុវត្តគម្រោង សហប្រតិបត្តិការក្រោមជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ពីដៃគូអភិវឌ្ឍន៍នានា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ព្រៃឈើជាប្រភពដង្ហើមរស់នៅ លើភពផែនដីសម្រាប់ជីវិតមនុស្ស និងសត្វលោកទូទៅ ប្រាកដណាស់ថា ការបាត់បង់នូវព្រៃឈើបានធ្វើឱ្យមានការកើនឡើងនូវ ការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ប្រមាណ២០% ធ្វើឱ្យមានការប្រែប្រួលអាកាស-ធាតុ ការឡើងកម្ដៅ និងបានជះឥទ្ធិពលអាក្រក់ច្រើន ដល់ភពផែនដីដូចជា គ្រោះទឹកជំនន់, គ្រោះរាំងស្ងួត, ការផុតពូជសត្វ រុក្ខជាតិ និងការថយចុះនៃទិន្នផល កសិកម្មផងដែរ៕