(ពោធិ៍សាត់)៖ បន្ទាប់ពីដំណើរការឃោសនារកសំឡេងឆ្នោតជាលក្ខណៈទ្រុងទ្រាយធំ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានបន្តបើកយុទ្ធនាការសកម្មមួយទៀត នៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។

នៅខេត្តពោធិ៍សាត់នេះ លោក អ៊ា ឃីម៉េង អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារខេត្តពោធិ៍សាត់ និងអនុប្រធានក្រុមការងារ និងគណកម្មាធិការប្រតិបត្តិ ខេត្ត-ក្រុង-ស្រុក-ឃុំ ទាំង៤៩ បានដឹកនាំសមាជិក សមាជិកា គណបក្សចំនួន៤៥០នាក់ ដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្ស ហ៊្វុនស៊ិនប៉ិច បានបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំរួចហើយ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។ ចំណែកយុទ្ធនាការទ្រង់ទ្រាយតូច បាននៅតាមមណ្ឌលមួយចំនួនផងដែរ។

គណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅទូទាំង២៥ រាជធានី/ខេត្ត នៅទូទាំងប្រទេស ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី១៣ សម្រាប់ការបោះឆ្នោតនាថ្ងៃទីអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕