(កំពត)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានមានព្រះរាជបន្ទូលថា ព្រៃឈើ គឺជាប្រភពទ្រព្យធនធានដ៏មហាសាល ដែលមានតម្លៃខាងសេដ្ឋកិច្ចខ្ពស់ មិនអាចប៉ាន់ប្រមាណ បានលើផ្នែកបរិស្ថាន វប្បធម៌ ប្រវិត្ដសាស្ដ្រ ទេសចរណ៍។
ការមានព្រះរាជបន្ទូលយ៉ាងដូច្នេះ ក្នុងឱកាសដែលទ្រង់ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី «រុក្ខទិវា» ដែលរៀបចំឡើងនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
ព្រះរាជពិធីនោះក៏មានអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋប្រមាណ៥ពាន់នាក់។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «ព្រៃឈើជាប្រភពទ្រព្យធនធានដ៏មហាសាល ដែលមានតម្លៃខាងសេដ្ឋកិច្ចខ្ពស់ មិនអាចប៉ាន់ប្រមាណបាន លើផ្នែកបរិស្ថាន វប្បធម៌ ប្រវិត្ដសាស្ដ្រ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល ប្រព័ន្ធការពារជីវចម្រុះ និងផ្ដល់ជម្រកសម្រាប់ស្ថិរភាព នៃជីវិតរស់នៅរបស់មនុស្ស និងសត្វគ្រប់ប្រភេទទៀតផង»។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី មានព្រះរាជបន្ទូលទៀតថា ការប្រារព្ធពិធីរុក្ខទិវានេះ ឆ្លុះបញ្ចាំងឲ្យឃើញ នូវការខិតខំប្រឹងប្រែងរបស់ប្រជាជាតិកម្ពុជាយើង រួបរួមគ្នាទប់ស្កាត់គ្រោះមហន្ដរាយ នៃការបាត់បងសម្បត្ដិនៃព្រៃឈើ និងការពង្រឹងស្មារតី ម្ចាស់ការទទួលខុសត្រូវ លើជោគវាសនាអនាគត នៃមាតុភូមិរបស់ខ្លួន។
ព្រះអង្គបានមានព្រះរាជបន្ទូលថា ការបាត់បងព្រៃឈើ ព្រៃលិចទឹក ព្រៃកោងកាង និងគម្របរុក្ខជាតិ អាចបណ្ដោលឲ្យមានទឹកជំនន់មហន្ដរាយ ដោយខ្យល់ព្យុះ ការរាំងស្ងួតធ្វើឲ្យថ្លុក ត្រពាំង បឹង បួ រំលិច ព្រែក ស្ទឹង ទន្លេ ដែលជាទីតម្កល់ ធនធានទឹកត្រូវខ្វះ ទឹកសម្រាប់តម្រូវការរបស់មនុស្ស សត្វ និងរុក្ខជាតិ ដែលហេតុនាំឲ្យ មានការលំនឹងបរិស្ថានធម្មជាតិ ឈានទៅរកការបាត់បង់សព្វព្រៃ និងធនធានមច្ឆជាតិគ្រប់ប្រភេទ។
សូមបញ្ជាក់ថា ព្រះរាជពិធី «រុក្ខទិវា» ឆ្នាំ២០១៨នេះ មានកូនឈើគ្រប់ប្រភេទ រួមមានដូចជា៖ ធ្នង់ កកោះ គីនីន ក្រញូង បេងចំនួន១២,៥០០ដើម ត្រូវបានដាក់ដាំលើផ្ឋៃដី ចំនួន១០ហិកតា។
រុក្ខទិវា បានបដិសន្ធិឡើងនៅសម័យសង្គមរាស្ដ្រនិយម ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាំងពីទសវត្សរ៍៥០មក ដោយមានការចូលរួមយ៉ាងផុលផុស ពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយទៅជាសកម្មភាពទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជា ពិធីប្រពៃណីជាតិ មួយហៅថា «ពិធីរុក្ខទវា»។
ទិវានេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ជាឧត្ដមប្រយោជន៍ចំពោះប្រទេសជាតិ និងបានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយ បង្ហាញពីសក្ខីកម្ម សាមគ្គីភាពរវាងប្រជារាស្ដ្រ និងមន្ដ្រីរាជការទូទាំងប្រទេស ក្នុងការជំរុញលើកទឹកចិត្តចូលរួមចលនាដាំដើមឈើ ដើម្បីផ្ដល់សារប្រយោជន៍ ជាធនធានទ្រទ្រង់វិស័យកសិកម្មបង្កើនសុខុមាភាពគ្រួសារ ជិវភាពសង្គម និងបង្កើនមជ្ឈដ្ឋានព្រៃឈើដ៏ល្អប្រពៃ៕